Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេចោរប្លន់ប្រដាប់អាវុធដ៏ល្បីម្នាក់ ត្រូវនគរបាលខេត្តព្រៃវែងចាប់ខ្លួនបាន ក្រោយរត់គេចខ្លួនបាត់រយៈពេល៩ឆ្នាំ

13-03-2018 09:14

(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះថា នៅល្ងាចថ្ងៃម្សិលមិញ កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន មេចោរប្លន់ប្រដាប់អាវុធដ៏ល្បីម្នាក់ នៅចំនុចភូមិស្លែងរលើង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់មេចោរប្លន់រូបនេះ រត់គេចខ្លួនចេញពីខេត្តព្រៃវែង រយៈពេល៩ឆ្នាំមកហើយ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ការចាប់ខ្លួននេះ ដោយអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការដំបូង ខេត្តព្រៃវែង។ ដោយមេចោរប្លន់ប្រដាប់អាវុធរូបនោះ មានឈ្មោះ ស៊ូ ម៉ៅ ភេទប្រុសអាយុ៣៨ឆ្នាំ ស្រុកកំណើត នៅភូមិប្រស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ប្រព្រឹត្តប្លន់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ចំនុចភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ក្រោយធ្វើសកម្មភាពរួច ជនល្មើស និងប្រពន្ធ កូន បានគេចខ្លួនបាត់ពីមូលដ្ឋាន។ សមត្ថកិច្ចបានតាមប្រម៉ាញ់ អស់រយៈពេល០៩ឆ្នាំ រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤៖៣០នាទីរសៀល ទើបចាប់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកកំពង់ត្របែក ដើម្បីបំពេញនីតិវិធី រួចបញ្ជូនទៅតុលាការសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមច្បាប់៕