(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១។

ក្រៅពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីសម្ពោធកំណាត់ផ្លូវដែលបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើរដ៏សំខាន់មួយនេះ ក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល បានអះអាងថា កំណាត់ផ្លូវដែលសាងសង់ដោយក្រុមហ៊ុនជប៉ុន ត្រូវបានសាងសង់ឡើងដោយមានគុណភាពខ្ពស់បំផុត។ ក្នុងនោះគ្រឹះផ្លូវមានកម្រាស់រហូតដល់ ៦៥សង់ទីម៉ែត្រ និងស្រទាប់ខាងលើ ចាក់បេតុងកៅស៊ូ (AC) កម្រាស់ ២០សង់ទីម៉ែត្រ ដែលធ្វើឲ្យកំណាត់ផ្លូវនេះ មានកម្រាស់បេតុងកៅស៊ូក្រាស់ជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនោះកំណាត់ផ្លូវនេះ មានទទឹងចាប់ពី ២៥ម៉ែត្រ រហូតដល់ ៣៩ម៉ែត្រ ក្នុងនោះ មាន ៤គន្លងសម្រាប់រថយន្ត (២ទៅ, ២មក) ២គន្លង សម្រាប់ម៉ូតូ (១ទៅ, ១មក) និងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងចាប់ពី ១ម៉ែត្រ រហូតដល់ ៨,៥០ម៉ែត្រ ដែលមានបង្កប់លូមូលនៅខាងក្រោមផងដែរ ដើម្បីរំដោះទឹក កុំឲ្យលិចផ្លូវ ជាពិសេស នារដូវវស្សា។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើទោះបីកំណាត់ផ្លូវនេះមានប្រវែងត្រឹមតែជាង ៤គីឡូម៉ែត្រ តែបានបានចំណាយថវិកាជាង ២៣លានដុល្លារអាមេរិក។ ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងដែរថា ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្ម HAZANA-ANDO CORPORATION និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Katahira & Engineers International ប្រើរយៈពេលសាងសង់អស់ចំនួន ២៧ខែ ដែលចាប់ផ្តើមសាងសង់ ពីខែមេសា ឆ្នាំ២០១៥ និងបញ្ចប់នៅ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងទៀតថា កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤នេះ គឺជាដំណាក់កាលចុងក្រោយនៃគម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ-អ្នកលឿង មានប្រវែង សរុប ៥៥,៩៨គ.ម ដែលត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមគម្រោងជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុន។

លោករដ្ឋមន្ត្រី ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋកើតសរសើរលើស្នាដៃការងាររបស់លោកនោះ បានគូសបញ្ជាក់ថា កំណាត់ផ្លូវនេះ គឺជាផ្លូវប្រវត្តិសាស្រ្ត យុទ្ធសាស្រ្ត និងជាផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ដ៏ធំ របស់ព្រះរាជាណាចក្រកម្ពុជា ហើយផ្លូវជាតិលេខ១នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ(AH1) រត់កាត់តំបន់ទំនាបនៃមហាអនុតំបន់មេគង្គ (GMS) (បាងកក-ភ្នំពេញ-វង់តាវ) ដែលនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំង ក្នុងការបម្រើឱ្យកិច្ចសហ ប្រតិបត្តិការការប្រកួតប្រជែង ការរួមគ្នារស់នៅជាសហគមន៍ ការតភ្ជាប់ ការធ្វើ សមាហរណកម្មតំបន់ និងសកលភាវូបនីយកម្ម ពិសេសការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការផ្គត់ផ្គង់ភស្តុភារ លំហូរពាណិជ្ជកម្ម និងទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិនានា របស់កម្ពុជា ។

លោកទេសរដ្ឋមន្ត្រីបន្តថា កំណាត់ផ្លូវនេះ មិនត្រឹមតែអាចសម្រួលដល់ការកកស្ទះចរាចរណ៍ ដែលធ្លាប់កើតមានកន្លងមកជារឿយៗជាពិសេសនៅរាល់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យធំៗប៉ុណ្ណោះទេ ថែមទាំងបង្កើនសមត្ថភាពដឹកជញ្ជូន និងបង្កលក្ខណៈសម្បត្តិបន្ថែម សម្រាប់ការពង្រីក និងអភិវឌ្ឍរាជធានីភ្នំពេញ ពិសេសតំបន់ជ្រោយអំពិល កៀនស្វាយ គគីរ និងប្រែក្លាយតំបន់តាមសងខាង ផ្លូវ និងតំបន់ជុំវិញកំពង់ផែភ្នំពេញ ឱ្យទៅជាតំបន់ឡូជីស្ទីកដ៏ល្អប្រសើរ ជំរុញចលនាដឹកជញ្ជូន និងរួមចំណែកយ៉ាងធំធេង ផ្នែកសេដ្ឋកិច្ច-សង្គមកិច្ច សម្រាប់បណ្តាខេត្តភាគខាងកើត មានខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឲ្យកាន់តែប្រសើរ។

លោក ស៊ុន ចាន់ថុល បានអះអាងថា សមិទ្ធផលកំណាត់ផ្លូវជាតិលេខ១នេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ។ លោកបន្តថា កិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង មិនគិតពីការលំបាក និងបានជម្នះរាល់ឧបសគ្គរបស់សម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍ប្រទេសជាតិ ដែលចេញពីបាតដៃទទេ រហូតឲ្យមានការអភិវឌ្ឍមួយ ដែលប្រជាពលរដ្ឋទាំងអស់គ្នាមិនធ្លាប់នឹកស្មានដល់។

លោកបន្តថា ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានខិតខំកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងល្អប្រសើរ ដើម្បីជំរុញការគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសការកសាងទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ និងរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានប្រែក្លាយកម្ពុជា ជារដ្ឋស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោក ដូចសព្វថ្ងៃនេះ៕