(ប៊ែលហ្សិក)៖ ផ្លែផ្កាជាប្រយោជន៍សម្រាប់កម្ពុជាត្រូវបានបង្ហាញឡើង ខណៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១០ កំពុងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដោយក្នុងនោះសហភាពអឺរ៉ុបបានបង្ហាញពីការប្ដេជ្ញាចិត្តថា នៅតែបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា។ នេះបើតាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មាន ទើបទទួលបាននារាត្រីថ្ងៃទី១២ ខែមីនានេះ។

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១០នេះ ធ្វើឡើងចាប់ពីថ្ងៃទី១២-១៤ ខែមីនា ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការនានា ដែលហភាពអឺរ៉ុបមានជាមួយកម្ពុជា ក្នុងរយៈពេល២ឆ្នាំ កន្លងមក ដែលកិច្ចសហប្រតិបត្តិការឈរលើគោលការណ៍សមភាព ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ដូចបានកំណត់ស្របតាមកម្មវត្ថុ ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ឆ្នាំ១៩៩៧។

កិច្ចសហប្រតិបត្តិកម្ពុជា-សហភាពអឺរ៉ុប រួមមានវិស័យសំខាន់ៗ ដូចជា កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ វិស័យអប់រំ ពាណិជ្ជកម្ម និងវិនិយោគ កសាងស្ថាប័ន ការកែទម្រង់រដ្ឋបាល ការកែទម្រង់ច្បាប់ និងតុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស (រួមទាំងការគាំទ្រការបោះឆ្នោត ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ)។

កិច្ចប្រជុំ៣ថ្ងៃនេះ ក៏នឹងផ្លាស់ប្តូរទស្សនគ្នានៅលើបញ្ហាទ្វេភាគីជាច្រើន រួមទាំងការវិវត្តផ្នែកនយោបាយបច្ចប្បន្ននៅកម្ពុជា និងនៅសហភាពអឺរ៉ុប បញ្ហាពហុភាគី និងតំបន់ ដូចជាអនុតំបន់មេគង្គ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ការប្រែប្រួលអាកាសធាតុ ហើយកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សក្នុងវេទិកាអង្គការសហប្រជាជាតិ។

សហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ និងសាទរចំពោះសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២កន្លងមក ព្រមទាំងបានកោតសរសើរ និងស្វាគមន៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានកំពុងនិងធ្វើដំណើរចេញពីប្រទេសក្រីក្រ ជាពិសេសសហភាពអឺរ៉ុបបានអះអាងជាថ្មីថា សហភាពអឺរ៉ុប នឹងបន្តផ្តល់ការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា៕