(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់រូមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា នៅឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាមិនមែនត្រឹមតែផ្អាកការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកនោះទេ គឺកម្ពុជាបានផ្អាកការធ្វើសមយុទ្ធនេះ ជាមួយបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ផងដែរ។
ការលើករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា ប្រទេសកម្ពុជាមានភាពលំអៀងចំពោះការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា «ការផ្អាកធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ មិនមែនតែសហរដ្ឋអាមេរិក នោះទេប្រទេសមួយចំនួនក៏កម្ពុជា បានផ្អាកធ្វើសមយុទ្ធផងដែរ។ ឧទាហរណ៍ លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៧ គឺកម្ពុជាមិនបានធ្វើជាមួយចិននោះទេ អញ្ចឹងមានន័យថាយើងផ្អាកទាំងអស់ហ្នឹងដូចតែគ្នា»។
ប្រធានគណៈកម្មាធិការរសមយុទ្ធ បានបញ្ជាក់ថា ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះ មានករណីពិសេសរវាងកម្ពុជា និងចិនដោយសារចំឆ្នាំខួបទិវាលើក ទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនដូច្នេះហើយកម្ពុជា និងចិន បានប្រារព្ធពិធីនេះឡើង ក៏ដើម្បីអបអរសាទរខួបលើកទី៦០ នេះផងដែរ។
សូមជម្រាបជូនថា ដើម្បីអបអរខួបលើកទី៦០ឆ្នាំ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន ភាគីទាំងពីរ បានរួមគ្នាធ្វើសមយុទ្ធមួយ ស្ដីពីការធ្វើលំហាត់នាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលគ្រោងធ្វើឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ៕