(ភ្នំពេញ)៖ បងប្អូនប្រហែលជាមិនទាន់ភ្លេចទេ អំពីសកម្មភាពចោរចិត្តសឿងម្នាក់ ដែលបានយកកំភ្លើងខ្លី០១ដើម ចូលភ្ជង់ប្លន់បុគ្គលិក ហាង Wring Cafe កាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A  ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយត្រូវបានបណ្តាញសង្គមនិងសារព័ត៌មាន ធ្វើការផ្សព្វផ្សាយ យ៉ាងគគ្រឹគគ្រែងដោយក្តីហួសចិត្ត តែក្រោយមកជនល្មើសត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ។

ក្រោយពេលដឹងថាសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន អ្នកសារព័ត៌មានយើងក៏សុំការបំភ្លឺ អំពីដំណើររឿងលម្អិតភ្លាមៗផងដែរ តែត្រូវបានសមត្ថកិច្ចបដិសេធមិនផ្តល់ព័ត៌មាន ដោយប្រាប់ថា កំពុងបន្តនិតិវិធី។

ចុះហេតុអ្វីសមត្ថកិច្ចចាប់ចោរ បានហើយបែរជាមិនព្រមបង្ហើបព័ត៌មានលម្អិត ឬមានអ្វីលាក់បាំងនៅពីក្រោយរឿងហ្នឹង?

រហូតមកដល់រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ចម្ងល់ត្រូវបានបកស្រាយ ខណៈពេលដែលសមត្ថកិច្ច អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនចោរប្លន់រូបនោះ ទៅតុលាការដោយមានអ្នកជាប់ពាក់ព័ន្ធរហូតដល់ទៅ០២នាក់។ និយាយដល់ត្រង់នេះ បងប្អូនច្បាស់ជាឆ្ងល់ម្តងវិញថា ចោរចូលប្លន់តែម្នាក់ ហេតុអ្វីសមត្ថកិច្ច ឃាត់ខ្លួនដល់ទៅ០២នាក់?

ព័ត៌មានលម្អិតនៅខាងក្រោម៖

ជនសង្ស័យដែលជាចោរប្លន់ មានឈ្មោះ ហូ ម៉េងហ័រ ហៅ រដ្ឋ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវអាវុធហត្ថ ចាប់បាននៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមចម្លើយសារភាពជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃកើតហេតុ រូបគេជិះម៉ូតូឌុបទៅទិញកាំភ្លើងជ័រ នៅខាងក្រោយរោងចក្រព្រែកលៀប ក្នុងតម្លៃ៥,០០០រៀល បន្ទាប់មកក៏ជិះម៉ូតូឌុបទៅផឹកកាហ្វេ នៅហាងមួយកន្លែងមិនស្គាល់ឈ្មោះ នៅម្តុំព្រែកលៀប លុះពេលផឹកកាហ្វេរួច ដោយខ្លួនខ្វះលុយឲ្យថ្លៃកាហ្វេ ក៏សម្រេចចិត្តដក់កាំភ្លើងជ័រ ចេញពីចង្កេះភ្ជង់ទៅលើបុគ្គលិកស្រីម្នាក់ ហើយស្រែកគម្រាមឲ្យបុគ្គលិកនោះអង្គុយចុះ រួចស្រវាយកលុយបានចំនួន ៤៨,៩០០រៀល, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង និងម៉ូតូ០១គ្រឿង ម៉ាក SH បន្ទាប់មកក៏ជិះម៉ូតូដែលយកបានឆ្ពោះទៅខេត្តកំពង់ស្ពឺ។ លុះស្អែកឡើងយកម៉ូតូ លក់ឲ្យឈ្មោះ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ បាន៥០០ដុល្លារ ទើបត្រឡប់មកភ្នំពេញវិញ ទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យ។

ក្រោយស្តាប់ចម្លើយជនសង្ស័យចប់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបន្តនិតិវិធីទៅសហការណ៍ជាមួយអាវុធហត្ថ ខេត្តកំពង់ស្ពឺ ធ្វើការស្វែងរកឃាត់ខ្លួន អ្នកទទួលទិញផលចោរកម្មម្នាក់ទៀត ដែលមានឈ្មោះ ម៉ាន អាស់ម៉ាត់ ហៅ ម៉ាប់ នៅចំណុចភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឈ្មោះ ម៉ាន អាស់ម៉ាត់ បានសារភាពថា រូបគេពិតជាទិញម៉ូតូ ពីបុរសឈ្មោះ ហូ ម៉េងហ័រ ពិតប្រាកដមែន ដោយពុំមានធ្វើលិខិតស្នាមអ្វីនោះទេ ព្រោះ ហូ ម៉េងហ័រ ប្រាប់ថា ម៉ូតូនោះគាត់ ទើបប្លន់បានពីស្ត្រីមា្នក់ ហើយម៉ូតូមានភ្ជាប់ GPS តែត្រូវគាត់ដោះចេញបាត់អស់ហើយ។ ព្រមជាមួយគ្នានោះផងដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឆែកឃើញថ្នាំញៀនមួយកញ្ចប់ ដែលឈ្មោះ ម៉ាន អាស់ម៉ាត់ បានទិញមក សម្រាប់លក់បន្តទៀតផង។
ជនដៃដល់ដែលប្លន់ផ្ទាល់ និងអ្នកទទួលទិញម៉ូតូចោរ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅ តុលាការផ្តន្ទាទោសតាមច្បាប់ និងបានដកហូតម៉ូតូដែលប្លន់យកទៅ ប្រគល់ជូនម្ចាស់ដើមវិញ។

សូមរម្លឹកថា កាលពីនៅម៉ោងជិត៩យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ហូ ម៉េងហ័រ បានកាំភ្លើងខ្លី១ដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះលក់ការហ្វេយីហោ Wring Cafe ដែលស្ថិតនៅនតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ៕