(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ស្នើឲ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងស្រុក ត្រូវរួមគ្នាប្រមូលផ្តុំ និងដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនានា ក្នុងដែនដីរបស់ខ្លួន។
ការលើកឡើងនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃស្រុកបន្ទាយមាស នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសាលាស្រុកបន្ទាយមាស។
លោកអភិបាលខេត្ត បានលើកឡើងបន្តថា ខេត្តណាក៏ដូចខេត្តណាដែរ តែងតែមានបញ្ហាប្រឈមកើតឡើង ហើយបញ្ហាប្រឈមទាំងនោះ វានឹងក្លាយជាបំណុល នៅពេលដែលយើងមិនព្រមប្រមូលផ្តុំវា យកមកដោះស្រាយឲ្យទាន់ពេលវេលាទេនោះ ហើយដើម្បីបញ្ចៀស និងកាត់បន្ថយបញ្ហាប្រឈមផ្សេងៗឲ្យមានតិច គឺលោកបានស្នើឲ្យមន្ត្រីទាំងអស់ នៃអាជ្ញាធរភូមិ ឃុំ និងស្រុករួមគ្នាលើកឡើងអំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយ។
បើតាមលោកអភិបាលខេត្ត បើលើសពីសមត្ថភាពមិនអាចដោះស្រាយបាន សូមឲ្យរដ្ឋបាលស្រុកដាក់ចូលទៅក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្តដើម្បីធ្វើការដោះស្រាយបន្ត។ ទន្ទឹមនឹងការអភិវឌ្ឍន៍ឥតឈប់ឈររបស់ខេត្តកំពត បញ្ហាប្រឈមនានាក៏មានច្រើនផងដែរ ដែលត្រូវរួមគ្នាដោះស្រាយឲ្យបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាពជូនប្រជាពលរដ្ឋ៕