(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បើទោះបីទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានយ៉ាងណាក៏ដោយ តែសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ឲ្យក្រុមការងារចម្រុះមួយបើកការស៊ើបអង្កេតបន្ថែម លើកករណីហិង្សារហូតដល់ការផ្ទុះអាវុធ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ, នេះបើតាមការឲ្យដឹងពី លោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ។
ការថ្លែងរបស់លោក ផាត សុផានិត យ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់ជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីត បានសួរទៅសម្ដេចក្រឡាហោម ស ខេង ថាតើមានទទួលបានព័ត៌មានបន្ថែមទៀតទេ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលបណ្ដាលឲ្យពលរដ្ឋ២នាក់រងរបួស ជុំវិញបញ្ហាដីធ្លី។
លោក ផាត សុផានិត បានថ្លែងយ៉ាងដូច្នេះថា «សម្ដេចបានថ្លែងថា សម្ដេចក៏ទទួលបានរបាយការណ៍បឋមមួយចំនួនដែរ ប៉ុន្ដែសម្ដេចបានចាត់ក្រុមការងារពីក្រសួងមហាផ្ទៃ មានទាំងខាងនគរបាល មានទាំងខាងអធិការកិច្ចទៅធ្វើការស្រាវជ្រាវបន្ថែម ទៅលើករណីដែលកើតឡើងនៅក្រចេះនេះ ហើយមកដល់ពេលនេះ សម្ដេចក៏មិនទាន់បានទទួល របាយការណ៍ពីក្រុមការងារដែលបញ្ជូនទៅនេះដែរ ហើយបើទទួលបានយ៉ាងណានោះសម្ដេចនឹងធ្វើការបន្ដទៀត»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច អាជ្ញាធរព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦។ ការដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវ បានកើតឡើងបន្ទាប់ពី សមត្ថកិច្ចចម្រុះក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណង់តូចៗរបស់ពួកគាត់ ស្ថិតនៅក្នុងក្រុមហ៊ុន ចំការកៅស៊ូមេមត់។
តុលាការ, សមត្ថកិច្ច និងអាជ្ញាធរបានអះអាងថា មូលហេតុដែលនាំដល់សមត្ថកិច្ចឈានដល់ផ្ទុះអាវុធ បន្ទាប់ពីប្រជាពលរដ្ឋដែលព្រមបើកផ្លូវតាមសំណើរបស់អាជ្ញាធរនោះ បានប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ កាំភ្លើងកែច្នៃ ព្រួញ ដបសាំង បាញ់ និងគប់លើក្រុមការងារ។ ប៉ុន្តែករណីនេះមិនមានអ្នកស្លាប់ទេមានតែអ្នករងរបួសប៉ុណ្ណោះ។
ការប៉ះទង្គិចនេះត្រូវបានផ្សព្វផ្សាយបំប៉ោងដោយវិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ថា មានអ្នកស្លាប់រហូតដល់ទៅ៦នាក់ និងរបួសរហូតដល់ទៅ ៤០នាក់ផងដែរ។ ការផ្សព្វផ្សាយបំភ្លៃ និងបំប៉ោងខុសពីការពិតនេះ ត្រូវបានអាជ្ញាធរ, សមត្ថកិច្ច និងតុលាការ ចេញមកច្រានចោលភ្លាមៗ ខណៈដែលការប៉ះទង្គិចនេះ គ្មានអ្នកស្លាប់នោះឡើយ មានតែអ្នករងរបួស៩នាក់ប៉ុណ្ណោះ ២នាក់ជាប្រជាពលរដ្ឋ ៧នាក់ជាកម្លាំងសមត្ថកិច្ច៕