(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសមូលនិធិសមាគមន៍មនុស្សចាស់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរា នៅក្នុងសមាគមន៍មូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ។
កម្មវិធីបានរៀបចំនៅក្នុងភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សូមជម្រាបថា អំណោយដែលជួយសម្រាលការលំបាកគ្រានោះមានរួមមាន គ្រួសារចាស់ជរា នៅក្នុងស្រុកថ្មពួក មាន២៥នាក់ ដែលបានទទួលអំណោយពីមូលនិធិមនុស្សចាស់ ម្នាក់នាក់ទទួលបាន ប្រេងកូឡា១ដប, ប្រេងខ្យល់១ដប, ទឹកដោះគោ១កំប៉ុង, បំពង់ទឹក្ដៅ១, តែ១កញ្ចប់, តែចិនសែ២ដប, ក្រម៉ា១, មី៥កញ្ចប់ និងពិល១។
ដោយឡែក គ្រួសារចាស់ជរាម្នាក់ទៀតឈ្មោះ រុន ញ៉យ អាយុ១១០ឆ្នាំ មានកូន៩នាក់ ជាអតីតមេភូមិសម័យរដ្ឋកម្ពុជាសព្វថ្ងៃរស់នៅជាមួយកូន នៅក្នុងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ទទួលបានអំណោយពី ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន នូវអង្ករ១បាវ ៥០គីឡូក្រាម, មី១កេស និងទឹកផ្លែឈើ១កេស។
ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៦គ្រួសារ ក្នុង១គ្រួសារទទួល បានអំណោយកាកបាទក្រហមកម្ពុជាមាន អង្ករ៣០គីឡូក្រាម, ត្រីខ១០កំប៉ុង, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ប្រេងឆា១លីត្រ, ម្សៅសាប៊ូ១គីឡូ, ភួយ១, មុង១, សារ៉ុង១, ក្រម៉ា១ និងជូនសង្ក័សី១០០សន្លឹក សម្រាប់រដ្ឋបាលស្រុក យកជួយជួសជុលផ្ទះប្រជាជន៣៦គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់។
បន្ថែមពី លោក កែ គឹមយ៉ាន ជូនថវិកាដល់កម្លាំងធ្វើផ្ទះជូនប្រជាពលរដ្ឋរងគ្រោះតាមអង្គភាពមាន វរៈសេនាតូចនគរបាលការពារព្រុំដែនលេខ៨០៧ ចំនួន៥០ម៉ឺនរៀល, វរៈសេនាតូចយោធាព្រុំដែនលេខ៥១៤ ចំនួន៥០ម៉ឺនរៀល, នគរបាលស្រុក ថវិកា៥០ម៉ឺនរៀល, សឹករងស្រុក ថវិកា៥០ម៉ឺនរៀល, អាវុធហត្តស្រុកថវិកា៥០ម៉ឺនរៀល, ឃុំគោករមៀត១០ម៉ឺន, ភូមិទាំងបួន នៃឃុំគោរមៀក្នុង១ភូមិ១០ម៉ឺនរៀល, ជូនសង្ក័សី១០០០សន្លឹក និងថវិកា២លានរៀល ដល់កងពល៥១ សម្រាប់យកជួយជួសជុលផ្ទះ និងសាលាបន្ថែម ពេលមានតម្រូវការ៕