(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានក្លាយជាម្ចាស់ផ្ទះក្នុងការបើកវគ្គបណ្តុះបណ្តាល ស្តីពីរចនាសម្ព័ន្ធថ្ម និងបច្ចេកទេសធ្វើកុលាលភាជន៍ ដល់អ្នកស្រាវជ្រាវបុរាណវិទ្យា ៦ប្រទេស នៅអាស៊ីអាគ្នេយ៍ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥-៩ខែមីនា ឆ្នាំ២០១៨ ដែលវគ្គសិក្សានេះមានសិក្ខាកាមចំនួន ១៧នាក់ រួមមានខ្មែរ ៩នាក់ មកពីអាជ្ញាធរជាតិអប្សរា ប្រាសាទសំបូរព្រៃគុក ព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងនិស្សិតបុរាណវិទ្យា នៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ និងបរទេស ៨នាក់ មកពីសិង្ហបុរី តៃវ៉ាន់ ថៃ ភូមា និងវៀតណាម។

លោក អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកសម្របសម្រួលកម្មវិធី បានឱ្យដឹងថា សិក្ខាសាលានេះជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថាន Smithsonian សហរដ្ឋអាមេរិក។ សិក្ខាសាលានេះ បង្រៀនដោយគ្រូជំនាញ Petrography មកពីសាកលវិទ្យាល័យ Arizona និង Delaware។

លោក ដារិទ្ធ បញ្ជាក់ថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុរាណវិទូ ព្រោះធ្វើឱ្យយើងដឹងពីបច្ចេកទេសធ្វើកុលាលភាជន៍សម័យបុរាណ ដឹងពីធាតុផ្សំដែលយកមកធ្វើកុលាលភាជន៍ ធាតុផ្សំនៃថ្មនៅក្នុងតំបន់អង្គរ រួមទាំងថ្មផ្សេងៗនៅក្នុងពិភពលោក តាមរយៈការពិនិត្យដោយម៉ាស៊ីនមីក្រូទស្សន៍ដ៏ទំនើប។

អ្នកស្រីសាស្ត្រាចារ្យ Louise Cort អ្នកអភិរក្សកុលាលភាជន៍នៅសារមន្ទីរ Freer Gallery of Art និង Arthur M.Sackler នៃសាកលវិទ្យាស្ថាន Smithsonian ក្នុងរដ្ឋ Washington DC បានបញ្ជាក់ពីគោលបំណងនៃវគ្គសិក្សា គឺដើម្បីកសាងសមត្ថភាពរបស់អង្គភាពកុលាលភាជន៍អង្គរ និងបណ្តុះបណ្តាលអ្នកស្រាវជ្រាវនៅតំបន់អាស៊ីអាគ្នេយ៍។

សិក្ខាកាមត្រូវបានចែកចេញជាពីរក្រុម ហើយប្តូរវេនគ្នាសិក្សា៖ ក្រុមទី១ បង្រៀនដោយសាស្រ្តាចារ្យ Pamela Vandiver សិក្សាអំពីទំហំកម្ទេចដី ការដុតកំដៅកុលាលភាជន៍សីតុណ្ហភាពទាប ភាពរឹងនៃភាជន៍ ការហាលដីឥដ្ឋ ដើម្បីមើលពីការបាត់បង់ជាតិទឹកក្នុងដីឥដ្ឋ រចនាសម្ព័ន្ធដី ធាតុផ្សំដីឥដ្ឋ ការដុតកំដៅ ការកកើតកញ្ចក់ និងស្រទាប់រលោង និងក្រុមទី២ បង្រៀនដោយសាស្ត្រាចារ្យ Chandra Reedy អំពីរបៀបមើលធាតុផ្សំរ៉ែផ្សេងៗក្នុងថ្ម និងភាជន៍តាមរយៈមីក្រូទស្សន៍ និងរបៀបវិភាគធាតុផ្សំក្នុងភាជន៍ផុយ និងភាជន៍រឹង។ លើសពីនោះ ពួកគាត់បានបង្ហាញអំពីធាតុផ្សំក្នុងថ្មដែលធ្វើប្រាសាទបន្ទាយស្រី តាកែវ ភ្នំក្រោម បាភួន អង្គរវត្ត និងបាយ័ន និងធាតុផ្សំធ្វើភាជន៍មកពីឡសម័យអង្គរ។

បុគ្គលិកនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ផ្នែកក្រុមអភិរក្សកុលាលភាជន៍ខ្មែរ អ្នកស្រី ស៊ឹង ស្រីទូច បានឱ្យដឹងថា វគ្គសិក្សានេះគឺបង្រៀនយ៉ាងច្រើនអំពីការវិភាគ និងធាតុផ្សំនៃថ្មនិងកុលាលភាជន៍តាមមីក្រូទស្សន៍ ដោយការអនុវត្តផ្ទាល់ ការបង្រៀនតាមការបញ្ចាំងស្លាយ និងតាមឯកសារពាក់ព័ន្ធផ្សេងៗ។

បន្ទាប់ពីបញ្ចប់វគ្គសិក្សា លោក ហង់ ពៅ លោកស្រីវ ម៉ម វណ្ណរតន៍ និងសាស្ត្រាចារ្យ Louise Cort បានប្រគល់វិញ្ញាប័នប័ត្រដល់សិក្ខាកាមទាំង ១៧នាក់ ព្រមទាំងសាស្ត្រាចារ្យ និងជំនួយការចំនួន ៦រូប៕