(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ដសម្រាប់ខែមីនា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន អង្គភាព និងស្នងការរាជធានី-ខេត្តទាំងអស់។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការអំពាវនាវដល់ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវបង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ខណៈបទល្មើសនានា បានកំពុងថយចុះកាលពីខែកុម្ភៈកន្លងទៅនោះ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែមានការព្រួយបារម្មណ៍ខ្លាំងនោះ។
យោងតាមរបាយការណ៍ប្រចាំខែរបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ សម្លាប់មនុស្សយ៉ាងតិចចំនួន១៥៤នាក់ រងរបួស៨២នាក់ រងគ្រោះ២០នាក់ បាត់ម៉ូតូ១៨គ្រឿង រថយន្ដ៩គ្រឿង និងសម្ភារៈមាស-ប្រាក់មួយចំនួនទៀត។
របាយការណ៍ដដែលបន្ថែមថា ស្ថានភាពសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមកាន់តែធូរស្រាល ដោយបទល្មើសជារួមថយចុះ២០លើក ស្មើ៨% ក្នុងនោះបទល្មើសឧក្រិដ្ឋ ថយ១៥លើក ស្មើ២៥,៤២% និងបទល្មើសមជ្ឈឹមថយ ៥លើកស្មើ ២,៥១%។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ នៅខែមករាដើមឆ្នាំ២០១៨នេះ កើតឡើងចំនួន៣០៤លើក និងបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត ចំនួន១៦៨នាក់ (កើន៥នាក់) ហើយមនុស្សចំនួន៣៩៥នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ខណៈឆ្នាំ២០១៧ ប្រជាពលរដ្ឋបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៧៨០នាក់ បើធៀបទៅនឹង ឆ្នាំ២០១៦ មានចំនួន១៧១៧នាក់ ដែលមានការកើនឡើងគួរឲ្យកត់សំគាល់ ទោះបីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះក៏ពិតមែន៕