(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់រូមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងថា សម្រាប់សមយុទ្ធនាគមាស ឆ្នាំ២០១៨នេះ ភាគីចិនជួយចំណាយថ្លៃធ្វើសមយុទ្ធ មួយចំនួនធំ ចំណែកឯកម្ពុជា ចំណាយត្រឹមមួយចំនួនតូចតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា «ខ្ញុំសូមជម្រាបថា គម្រោងចំណាយក្នុងការហ្វឹកហាត់រួមគ្នានេះ គឺកងទ័ពរំដោះប្រជាជនចិន គាត់ជាអ្នកជួយក្នុងការចំណាយមួយភាគធំ រីឯយើងចំណាយដែរ ប៉ុន្តែក្នុងចំនួនណានោះទេ»។ លោកបានបន្តថា «សាច់ប្រាក់វាមិនអាចប៉ាន់ប្រមាណបានទេ គ្រាន់តែដឹងថាមួយចំនួនធំគេចេញ មួយចំនួនតូចយើងចេញប៉ុណ្ណឹងទៅបានហើយ»។
លោកនាយឧត្តមសេនីយ៍ បានឲ្យដឹងទៀតថា ការចំណាយប្រាក់ក្នុងការធ្វើសមយុទ្ធនោះ បានគិតរួចហើយតែមិនទាន់គិតជាក់លាក់ទេ ចំនួនសាច់ប្រាក់ដែលនឹងត្រូវចំណាយ អាចប្រែប្រួល ទៅតាមស្ថានភាពជាក់ស្តែង។ លោកបានឲ្យដឹងថា «ប៉ុន្តែចំណាយនោះ ក៏យើងមិនទាន់គិតបានជាក់លាក់ទេ ថាតើយើងចំណាយអស់ប៉ុន្មាននោះ»។
សូមជម្រាបជូនថា ដើម្បីអបអរខួបលើកទី៦០ឆ្នាំ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន ភាគីទាំងពីរ បានរួមគ្នាធ្វើសមយុទ្ធមួយ ស្ដីពីការធ្វើលំហាត់នាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលគ្រោងធ្វើឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ៕