(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោក បានបើកប្រតិបត្តិការបង្ក្រាប ជនសង្ស័យចំនួន៤នាក់ ក្នុងបទល្មើសពីរករណីផ្សេងគ្នា ដោយមួយករណីវាយកាប់ចាក់គ្នា និងមួយករណីទៀតជាករណីលួចម៉ូតូ។
ករណីទី១៖ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកើតឡើងនៅឃុំរាម ស្រុកព្រៃនប់៖
ថ្ងៃអាទិត្យ១០រោច ខែផល្គុន ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣០នាទី នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើង។ បង្កដោយជនសង្ស័យមួយក្រុម មានគ្នា៣នាក់៖
១៖ ឈ្មោះ ណុប ហ៊ួត ភេទ ប្រុស អាយុ ២៣ ឆ្នាំ បុខរបរកម្មករសំណង់ មានទីលំ នៅ ភូមិត្រាំប៉ោហ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តព្រះវិហារ ស្នាក់នៅកន្លែងកើតហេតុ (ឃាត់ខ្លួន) ។
២៖ ឈ្មោះ រី សារុំ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ដូចគ្នានឹងឈ្មោះ " ណុប ហ៊ួត " ស្នាក់នៅកន្លែងកើតហេតុ (ឃាត់ខ្លួន) ។
៣៖ ឈ្មោះ ធឿន ចាន់រស្មី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវាលលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ស្នាក់នៅកន្លែងកើតហេតុ (ឃាត់ខ្លួន)។ បានប្រើដាវកាប់ និងចាក់ទៅលើក្រុមជនរងគ្រោះចំនួន០៣នាក់៖
១៖ ឈ្មោះ សេង ស៊ីដេត ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិបឹងត្រាវ ឃុំ សូរគង ស្រុកកងមាស ខេត្តកំពង់ចាម (ត្រូវត្រង់ក្បាល បណ្តាលឲ្យរងរបួសធ្ងន់ )។
២៖ ឈ្មោះ អង វាសនា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅដូច ឈ្មោះខាងលើ( រងរបួសត្រង់គូថ)។
៣៖ ឈ្មោះ អែម វណ្ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិថ្មធំ ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសត្រង់ដៃខាងស្តាំ)។ឮ
ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងដកហូតវត្ថុតាងបានរួមមាន៖ ដាវចំនួន០៦ដើម, កាំបិតច្នៃ០១ដើម។ ចំពោះមូលហេតុនាំឲ្យកើតការវាយកាប់ចាក់នេះ ដោយសារតែពួកគេស្រវឹងស្រា។
ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យពីបទលួច៖
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣៖៤០នាទី ស្ថិតនៅក្រុមទី១២ ភូមិ១ សង្កាត់២ ក្រុងខេត្តព្រះសីហនុ មានករណីចោរកម្ម (លួចម៉ូតូ) មួយកើតឡើង។ បង្កឡើងដោយជនសង្ស័យម្នាកើ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះចតម៉ូតូ ទុកនៅមុខឳសថស្ថានយីហោប្រជាជន រួចគេចខ្លួនបាត់។
ក្រោយពេលទទួលបានដំណឹង កម្លាំងជំនាញផែនព្រហ្មទណ្ឌ សហារជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១៖០០នាទី ក៏ឃាត់ខ្លួនបានជនសង្ស័យតែម្តង ឈ្មោះ ចាន់ ម៉ាន់ ហៅឡឹក ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបើកបររថយន្ត ឲ្យកាស៊ីណូ តុងហ្វាងម៉ិញជឺ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។
ជនរងគ្រោះឈ្មោះ កែម ម៉ាលី ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់៖ កាបូបលុយ១, កាតធនាគារ២សន្លឹក, លុយ ៥០០ដុល្លារ, ទូរស័ព្ទដៃ៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាក VISION ពណ៌ក្រហម គ្មានស្លាកលេខចំពោះករណីទាំង២នេះ កម្លាំងជំនាញកំពុងបន្តនីតិវិធី៕