(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ជាទឹកប្រាក់ ៣,០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក) ពីព្រះអរិយមគ្គញ្ញាណ សូរ សារិទ្ធិ៍ ព្រះគ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម និងជាព្រះចៅអធិការវត្តពុទ្ធិការាម រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ដោយមានការនិមន្តជូនដំណើរពី សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម ដែលពិធីនេះប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខប្រគេនពរចំពោះព្រះអង្គទាំងទ្វេ ដែលបាននិមន្តមកលើកទឹកចិត្ត និងគាំទ្រដល់កាកបាទក្រហមកម្ពុជា ដែលនេះជាកាយវិការដ៏ល្អប្រពៃរបស់ព្រះអង្គក្នុងការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។ លោកស្រី បានមានប្រសាសន៍បន្ថែមថាៈ ចំពោះអំណោយជាថវិកាក្នុងថ្ងៃនេះ កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ ប្រកបដោយតម្លាភាព ជាពិសេសជួយដល់ ប្រជាជនដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ដែលកំពុងត្រូវការឱ្យជួយជាចាំបាច់។ ជាមួយគ្នានេះ ជំនួសមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកស្រីអគ្គលេខាធិការ បានប្រគេនពរដល់ព្រះអង្គទាំងទ្វេ សូមមានព្រះសុខភាពល្អបរិបូរណ៍ ជន្មាយុយ៉ឺនយូរ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា បានគង់វង្សយូរអង្វែងតទៅ។
សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល និងព្រះអរិយមគ្គញ្ញាណ សូរ សារិទ្ធិ៍ បានមានសង្ឃដីការ ថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជូនបច្ច័យ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងការងារមនុស្សធម៌ និងជួបប្រទះតែព្រះពុទ្ធពរ ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕