(បន្ទាយមានជ័យ)៖ មន្រ្តីសាលាក្រុងប៉ោយប៉ែត សហការជាមួយនឹងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមមានវិធានការក្តៅ ចាប់ក្រុមអ្នករត់ម៉ូតូ រ៉ឺម៉កកង់៣ និងអ្នករត់ម៉ូតូឌុប សរុប១០គ្រឿង ដើម្បីយកទៅផាកពិន័យរដ្ឋបាល ក្នុងសកម្មភាពដែលក្រុមអ្នករត់ម៉ូតូទាំងនោះ បានឈប់ចតនៅខាងមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅតែមានសកម្មភាពរឹងរូស ចាប់ភ្ញៀវនៅមាត់ច្រកទ្វារព្រំដែនបង្កប៉ះពាល់សណ្តាប់ធ្នាប់រាំងស្ទះចរាចរណ៍ ដោយពួកគេមិនស្តាប់តាមការណែនាំ ពីសំណាក់អាជ្ញាធរក្រុងប៉ោយប៉ែត និងនគរបាលអន្តោប្រវេសន៍ គ្រាដែលអាជ្ញាធរក្រុងប៉ោយប៉ែតកំពុងតែរឹតបន្តឹង ស្តារឡើងវិញដើម្បីដោះស្រាយ និងរៀបចំសណ្តាប់ធ្នាប់ ឱ្យមានរបៀបរៀបរយនៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ដែលជាច្រកទ្វារព្រំដែនគេចាត់ទុកថា មានភាពមមាញឹកនៃការដឹកជញ្ជូនធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមនឹងអ្នកធ្វើដំណើរឆ្លងកាត់ដែលមានចំនួនច្រើនជាងគេបំផុត បើប្រៀបនឹងច្រកទ្វារព្រំដែននានា នៅក្នុងប្រទេសកម្ពុជានោះ។
ការចុះរឹតបន្តឹងសណ្តាប់ធ្នាប់សាធារណៈ នៅមាត់ទ្វារព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ សេចក្តីរាយការណ៍ឱ្យដឹងថាមន្រ្តីសមត្ថកិច្ចបិទច្រកទ្វារព្រំដែនមួយរយៈខ្លីដើម្បីអប់រំណែនាំក្រុមអ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់៣ ឱ្យពួកគាត់វិលទៅរកការប្រកបមុខរបរ កុំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ដែលឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាការដឹកជញ្ជូនធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃនោះផងដែរ។
សូមបញ្ជាក់ថា ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារអន្តរជាតិខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កន្លងមកបានរងការរិះគន់ពីភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ ដោយឆ្លងច្រកទ្វារព្រំដែនមានភាពស្មុគស្មាញ ការបាត់សណ្តាប់ធ្នាប់សាធារណៈ ពីសំណាក់អ្នករត់រថយន្តតាក់ស៊ី អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់៣ ដែលយកចំណីផ្លូវសាធារណៈនៅមាត់ច្រកទ្វារព្រំដែនធ្វើអាជីវកម្ម បង្កភាពអនាធិបតេយ្យ បានឈប់ចតចាប់ភ្ញៀវ បង្កឱ្យរាំងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បណ្តាលឱ្យប៉ះពាល់មុខមាត់ប្រទេសជាតិ។
បញ្ហានេះហើយត្រូវគេមើលឃើញថា អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ដែលលោកទើបមកកាន់តំណែងថ្មី បានប្តេជ្ញានឹងរៀបចំសណ្តាប់ធ្នាប់នៅមាត់ច្រកទ្វារព្រំដែនឱ្យល្អប្រសើរឡើងវិញ។
ក្នុងអំឡុងដែលលោកអភិបាលក្រុងថ្មី មកកាន់តំណែងត្រូវគេមើលឃើញថា លោកបានធ្វើការដោះស្រាយសណ្តាប់ ចរាចរណ៍បានល្អប្រសើរជាងមុន។ កិច្ចការងារដោះស្រាយសណ្តាប់ធ្នាប់ចរាចរណ៍នោះដែរ កាលពីថ្ងៃទី១១ ខែមីនា ម្សិលមិញ អាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានដាក់រនាំងថ្ម នៅចំកណ្តាលទ្រូងផ្លូវជាតិដើម្បីបែងចែងទ្រូងផ្លូវច្បាស់លាស់ មានប្រវែង ២០០ម៉ែត្រ ចាប់ពីខាងមុខរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត រហូតដល់ខាងមុខវត្តបាលិលេយ្យ កុំឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ធ្វើដំណើរមានភាពរាំងស្ទះ៕