(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី៨» នាឆ្នាំ២០១៨នេះ ត្រូវបានគេដឹងថា បានប្រព្រឹត្តិ និង​បញ្ចប់ទៅដោយភាពរលូន ដោយមានការចូលរួម យ៉ាងច្រើនកុះករជាងឆ្នាំមុនៗ រហូតដល់មានអ្នកទស្សនាកើនឡើង ប្រមាណជា ២១ ៣០០ នាក់ ពោលគឺទិន្និន័យច្រើនជាង ឆ្នាំមុនៗដាច់តែម្ដង ។

លោក គង់ កន្ថារ៉ា  អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងថា ​ឆ្លងតាមបទបង្ហាញ និង​របាយការណ៍ស្ដីពីដំណើរការនៃការរៀបចំ និង​ការប្រព្រឹត្តទៅរបស់មហោស្រពភាពយន្ត អន្ដរជាតិ កម្ពុជា លើកទី ៨ ឆ្នាំ ២០១៨ នេះ លោកសូមសម្ដែងនូវការកោតសរសើរដោយស្មោះ និង​វាយតម្លៃ​ខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទះរបស់គណៈកម្មាការ រៀបចំមហោស្រពអន្ដរជាតិលើកទី៨ មន្រ្ដីរាជការនៃនាយកដ្ឋានសិល្បភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ជំនាញ និង​ទទួលការថតភាពយន្តបរទេស ព្រមទាំងមជ្ឈមណ្ឌលធនធានសោតទស្សន៍ «បុផ្ផាណា» ដែលបានជ្រោមជ្រែងរៀបចំ ញាំងឲ្យព្រឹត្តិការណ៍ មហោស្រពភាពយន្តដ៏មានសំខាន់នេះ ឲ្យលេចឡើងជារូបរាង និង​ទទួលបានជោគជ័យនាពេលនេះ​។

លោកបន្តទៀតថា លោកសូមសម្ដែងអំណរគុណ យ៉ាងជ្រាលជ្រៅ និង​សូមចូលរួមអបអរសាទរយ៉ាងស្ម័គ្រស្មោះ ចំពោះផលិតករ សិល្បករ-សិល្បការិនី អ្នកជំនាញបច្ចេកទេស ក្នុងវិស័យភាពយន្តទាំងអស់ ដែលបានបំពេញតួនាទីយ៉ាងសកម្ម កសាងបាននូវស្នាដៃថ្មីៗជាច្រើន សម្រាប់បម្រើចំណីអារម្មណ៍ទស្សនិកជន។ មហោស្រពភាពយន្ត ដែលប្រារព្ធឡើងនាពេលនេះ មិនគ្រាន់តែជាវេទិកាសម្រាប់ផ្សព្វផ្សាយ ស្នាដៃភាពយន្តប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ជួបជុំរវាងផលិតករ អ្នកបច្ចេកទេសភាពយន្តជាតិ-អន្ដរជាតិ ដើម្បីចែករំលែកបទពិសោធន៍ ទៅវិញទៅមក តាមរយៈការរៀបចំឲ្យមានសិក្ខាសាលា ដើម្បីជជែកពិភាក្សា ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ​ក្នុងការផលិតភាពយន្ត។ ក្រសួងវប្បធ​ម៌ និង វិចិត្រសិល្បៈចាត់ទុកថា​ ការរៀបចំមហោស្រពអន្ដរជាតិនេះ គឺជាការជួយជម្រុញនិង លើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យមានការវិវត្តន៍រីចំរើន ដើម្បីបំពេញបានតម្រូវការក្នុងស្រុក និង អាចឈានទៅប្រកួតប្រជែងលើទីផ្សារក្នុងតំបន់​។

លោក គង់ កន្ថារ៉ា ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា​ ការរៀបចំមហោស្រពភាពយន្តនេះ និង ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់​មួយរបស់ជាតោ ហើយនឹងទទួលបានការគាំទ្រ ពីសាធារណជន ពិសេសយុវវ័យរបស់យើង ដែលនិយមគាំទ្រវិស័យភាពយន្ត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការ និង អ្នកឧបត្ថម្ភទាំងអស់ ដែលបានចូលរួមជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈក្នុងការរៀបចំ មហោស្រពភាពយ​ន្តនេះ»។ ​

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ​«មហាស្រពភាពយន្តអន្ដរជាតិកម្ពុជា ​លើកទី៨»  ធ្វើឡើងមានរយៈពេល៦​ថ្ងៃ ដែលនឹងមានការចាក់បញ្ចាំង​ ភាពយន្តចំនួន​១៣០ ចំណងជើង​មកពី ៤១ ប្រទេសផ្សេងគ្នា ព្រមទាំងមានការដាក់បញ្ចាំង នៅទីតាំង ១០កន្លែងផ្សេងៗគ្នា នៅតាមរាជធានីភ្នំពេញ៕