(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាជិត១០០នាក់ ក្នុងចំណោមប្រជាពលរដ្ឋ១,១៤៩គ្រួសារ រស់នៅអមសងខាងតាមបណ្ដោយផ្លូវរថភ្លើង ចាប់ពីចំណុចកែងផ្លូវភ្លោះ គីឡូម៉ែត្រលេខ៦ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតមកដល់ចំណុចផ្លូវលេខ៧០ ស្ថិតនៅសង្កាត់៣ មានសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ និងសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ មានការប្រមូលផ្ដុំស្រែក និងសំណូមពរទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យជួយរកដំណោះស្រាយជូនរឿងដី លំនៅដ្ឋានរបស់ពួកគាត់ ប្រហែលជាត្រូវបាត់បង់មិនខាន បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ផែនការឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ ចុះវាស់វែងកំណត់ទិន្នន័យឲ្យបានច្បាស់លាស់ ក្នុងការពង្រីកផ្លូវបន្ថែមឲ្យធំទូលាយ។
ការប្រមូលផ្ដុំស្រែក និងសំណូមពរទៅសម្ដេចតេជោ ឲ្យជួយរកដំណោះស្រាយជូនរឿងដីលំនៅដ្ឋាន ពីសំណាក់ប្រជាពលរដ្ឋជិត១០០គ្រួសារ ខាងលើនេះ បានផ្ទុះឡើង ក្រោយពីលោក ឃួង ស្រេង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានដឹកនាំប្រតិភូ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង និងសួរសុខទុក្ខប្រជាពលរដ្ឋ នាចំណុចខាងលើ ដោយបានថ្លែងទៅកាន់ពួកគាត់ថា ផ្លូវរថភ្លើងនេះ ត្រូវកាត់ចំនួន៣០ម៉ែត្រសងខាងផ្លូវ គិតពីអ័ក្សចំណុចកណ្ដាលទ្រូងផ្លូវ ចំនួន២ម៉ែត្រកន្លះផ្សេងទៀត ដើម្បីធ្វើសួនច្បារ និងដាំបង្គោល ភ្លើង (ពោលទាំងសងខាងផ្លូវ ស្មើ៦២ម៉ែត្រកន្លះឯណោះ) ដោយស្ថាបនាចាក់ជាបេតុងត្រឹមតែ១៥ម៉ែត្រសងខាងប៉ុណ្ណោះទេ ហើយ១៥ម៉ែត្រទៀតនៅសល់ទុក ជាដីចំណីផ្លូវថ្នល់នៅពីមុខដីឡូត៍ និងលំនៅដ្ឋានទាំងអស់របស់ប្រជាពលរដ្ឋ ត្រូវបានដកហូតដោយសាលាក្រុង ដើម្បីបែងចែកដីទាំងនេះ ប្រគល់ឲ្យប្រជាពលរដ្ឋ អតីតរស់នៅលើផ្លូវរថភ្លើងចាស់ ដែលមិនស្របច្បាប់ ទៅវិញ។
មន្ត្រីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ប៊ុន ឡុង ប្រធានការិយាល័យ និងមន្ត្រីការិយាល័យអន្តរវិស័យ ខណ្ឌ ព្រមទាំងការិយាល័យសាធារណៈការខណ្ឌ បានឲ្យដឹងផងដែរថា ការចុះវាស់វែងដីធ្លី និងសម្រង់ទិន្នន័យប្រជាពលរដ្ឋ ដែលរស់នៅរងផលប៉ះពាល់អមសងខាងតាមបណ្ដោយផ្លូវ រថភ្លើងចាប់ពីចំណុចកែងផ្លូវភ្លោះ គីឡូម៉ែត្រលេខ៦ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតមកដល់ចំណុចទល់ផ្លូវលេខ៧០ បើតាមទូរលេខចាស់លើកទី១ មានចំនួន១,១៤៩គ្រួសារ។
នៅពេលថ្មីៗនេះ អាជ្ញាធរខណ្ឌ មានការប្រជុំបន្ទាន់មួយ ដើម្បីសម្រេចឲ្យមន្ត្រីជំនាញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានសហការចុះវាស់វែងជាលើកទី២ ក្នុងការសម្រង់កំណត់ទិន្នន័យ ឲ្យបានច្បាស់លាស់ ចំពោះប្រជាពលរដ្ឋ ដែលរស់នៅលើដីលំនៅដ្ឋាន មានការប៉ះពាល់អមសងខាងផ្លូវរថភ្លើង ពាក់ព័ន្ធការពង្រីកផ្លូវបន្ថែមឲ្យបានធំទូលាយ ដែលមានប្រវែង ជាង៤៦០០ម៉ែត្រ មានទទឹង៦២ម៉ែត្រកន្លះ ក្នុងនោះម្ខាងចំនួន៣០ម៉ែត្រ និងអ័ក្សចំណុចកណ្ដាលទ្រូងផ្លូវ មានចំនួន២ម៉ែត្រកន្លះ ដើម្បីធ្វើសួនច្បារ និងដាំបង្គោលភ្លើង។
ការស្ថាបនាចាក់ជាបេតុងត្រឹមតែ១៥ម៉ែត្រសងខាង «ពោលទាំងសងខាង៣០ម៉ែត្រ» ជាផ្លូវធ្វើដំណើរ ដោយយានជំនិះអាចជួយរំដោះចរាចរ មួយចំណែកធំពីផ្លូវជាតិលេខ៥ ចូលមកក្នុង រាជធានីភ្នំពេញ និង១៥ម៉ែត្រទៀតនៅសល់ទុក ជាដីចំណីផ្លូវថ្នល់នៅពីមុខដីឡូត៍ និងលំនៅដ្ឋានទាំងអស់របស់ប្រជាពលរដ្ឋ ត្រូវបានដកហូតដោយសាលារាជធានីភ្នំពេញ ដើម្បីបែងចែក ប្រគល់ឲ្យប្រជាពលរដ្ឋអតីត រស់នៅលើផ្លូវរថភ្លើងចាស់ ក្រោយមានបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តឲ្យមានប្រសិទ្ថភាពតាមផែនការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ជាមួយគ្នានោះ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ជា ពីសី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ បានចាត់លោក លីន ញ៉ក់ អភិបាលរងខណ្ឌ ឲ្យជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងអតីត ផ្លូវរថភ្លើងឱ្យបានជ្រាប អំពីសកម្មភាពក្នុងការអំពាវនាវ ដល់ម្ចាស់ក្បាលដីទាំងអស់ ឲ្យចូលរួមសហការដោយផ្ទាល់ និងបង្ហាញរាល់ឯកសារពាក់ព័ន្ធ ការកាន់កាប់ដីធ្លីជូនក្រុមការងារក្នុងពេលចុះវាស់វែង បើក្នុងករណីខកខានពុំបានចូលរួម ក្នុងអំឡុងពេលយុទ្ធនាការ ចុះវាស់វែងនេះ រដ្ឋបាលខណ្ឌ ពុំទទួលខុសត្រូវចំពោះការបាត់បង់ ផលប្រយោជន៍របស់បងប្អូនឡើយ។
តែទោះបីជាយ៉ាងណាចំពោះចំណាត់ការរបស់អាជ្ញាធរនេះដែរ ត្រូវបានក្រុមប្រជាពលរដ្ឋធ្វើការបដិសេធ មិនអាចទទួលយកបានឡើយ និងច្រានចោលមិនឲ្យមានការវាស់វែងដីធ្លី ព្រមទាំងសំណូមពរទៅសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាវាស់វែងកាត់យកដី ដែលរងផលប៉ះពាល់ ដើម្បីស្ថាបនាពង្រីកផ្លូវ ត្រឹមតែ២០ម៉ែត្រ «ពោល១០ម៉ែត្រក្នុងម្ខាង» ទើបពួកគាត់អាចទទួលយកបាន។
លើសពីនេះ ក្រុមប្រជាពលរដ្ឋសំណូមពរទៅសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាកុំយកដីចំណីផ្លូវពីមុខលំនៅដ្ឋាន របស់ពួកគាត់ទៅបែងចែកឲ្យក្រុមប្រជាពលរដ្ឋ ដែលមានសំណង់មិនរៀបរយ និងមិនមានទាំងប័ណ្ណកម្មសិទ្ធស្របច្បាប់ឲ្យសោះ ពីព្រោះពួកគាត់មានលំនៅដ្ឋាន និងមានប័ណ្ណកម្មសិទ្ធ ស្របច្បាប់មិនចង់ក្លាយជាជនរងគ្រោះនោះទេ និងមិនអាចទទួលយកបានឡើយ នូវគោលនយោបាយ ដែលសាលារាជធានីភ្នំពេញ រៀបចំនាពេលនេះឡើយ៕