(ភ្នំពេញ)៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅចំនួន២ច្បាប់ កោះហៅជនសង្ស័យ ជាថៅកែក្រុមហ៊ុនវេប្រាក់ជនជាតិចិន២នាក់ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធ សំណុំរឿងឆបោក និងរំលោភលើទំនុកចិត្តអតិថិជន ដែលវេលុយទៅក្រៅប្រទេសជិត៣ម៉ឺនដុល្លារ។

មន្ត្រីសាលាដំបូងរាជធានីបានបញ្ជាក់ថា លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាហៅ ជនសង្ស័យជាជនជាតិចិនម្នាក់ឈ្មោះ លីននាង លឹមអាន ភេទប្រុស មុខរបរ ថៅកែក្រុមហ៊ុនវេប្រាក់ឆ្លងប្រទេស ឈ្មោះ YIN HOI TONG E-BUSINESS អាសយដ្ឋានផ្ទះលេខ P៦១ ផ្លូវ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធសំណុំរឿង ឆបោក និងរំលោភលើទំនុកចិត្ត នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ។

មន្ត្រីដដែលបានបន្ថែមថា លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញដីកាហៅ ជនសង្ស័យជាជនជាតិចិនម្នាក់ឈ្មោះ WANG DAQUAN (ហ្វង ដាគួន) ភេទប្រុស មុខរបរ ថៅកែក្រុមហ៊ុនវេប្រាក់ឆ្លងប្រទេស ឈ្មោះ ហ័រយៀនសាន អាសយដ្ឋានផ្លូវ៥២៨ សង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ ឱ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធសំណុំរឿង ឆបោក និងរំលោភលើទំនុកចិត្ត កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅផងដែរ។

ការកោះហៅជនសង្ស័យជា ជនជាតិចិនទាំង២នាក់ខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានប្តឹងពីឈ្មោះ លីននាង លឹមអាន ភេទប្រុស មុខរបរ ថៅកែក្រុមហ៊ុនវេប្រាក់ឆ្លងប្រទេស ឈ្មោះ YIN HOI TONG E-BUSINESS និងឈ្មោះ WANG DAQUAN ភេទប្រុស មុខរបរ ថៅកែក្រុមហ៊ុនវេប្រាក់ឆ្លងប្រទេស ឈ្មោះ ហ័រយៀនសាន ពីបទ ឆបោក និងរំលោភលើទំនុកចិត្ត។

នៅក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ខ្លួនបានវេប្រាក់ចំនួន ២៥,៥៥២ដុល្លារសហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនរបស់ជនសង្ស័យទាំង២នាក់ខាងលើនេះ ឱ្យទៅក្រុមហ៊ុនចិនមួយឈ្មោះស្សែវមី (XAOMI) នៅប្រទេសចិន ដើម្បីទូទាត់ថ្លៃទំនិញ។

ប៉ុន្តែជនរងគ្រោះមិនអាចទទួលទំនិញបាន ដោយសារតែក្រុមជនសង្ស័យមិនបាន ផ្ញើលុយទៅឱ្យ ក្រុមហ៊ុន ស្សែវមី (XAOMI) ទេ។ ក្រោយពីទាក់ទងទៅក្រុមហ៊ុន ស្សែវមី (XAOMI) សួររកទំនិញទើបដឹងថា ក្រុមជនសង្ស័យបាន ឆបោកលុយនោះ និងបានរត់គេចខ្លួនបាត់ស្រមោលអស់។

បន្ទាប់ពីទាក់ទងទៅក្រុមជនសង្ស័យ មិនបានអស់ជាច្រើនខែ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យជួយរកយុត្តិធម៌តែម្តងទៅ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីតុលាការបានឱ្យដឹងផងដែរថា ក្រុមហ៊ុនចិនឈ្មោះ YIN HOI TONG E-BUSINESS និងឈ្មោះ ហ័រយៀនសាន ទាំង២ខាងលើនេះ មិនមានច្បាប់ អាជីវកម្មផ្នែកវេលុយឆ្លងប្រទេសនោះទេ ពោលគឺពួកគេធ្វើសកម្មភាពវេលុយឆ្លងប្រទេសក្រោមស្លាកយីហោរបស់ក្រុមហ៊ុនវេលុយក្នុងស្រុកតែប៉ុណ្ណោះ។

មន្ត្រីដដែលក៏បានបង្ហើបផងដែរថា សំណុំរឿងកំពុងតែមានអ្នកមានបុណ្យស័ក្តិធំជួយអន្តរាគមន៍ផងដែរ ប៉ុន្តែតំណាងអយ្យការ ត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ដើម្បីកុំឱ្យមានពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនចិន បោកប្រាស់បន្តទៀត៕