(ភ្នំពេញ)៖ បន្ទាប់ពីបានទម្លាយនូវរូបភាពសំងាត់ជំនួបរវាង សម រង្ស៊ី និងអតីតរដ្ឋមន្រ្តីការបរទេសវៀតណាមពីសំណាក់ Facebook អនាមិកមួយឈ្មោះ «ទីប្រឹក្សានគរ», ដោយនៅពេល រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ Facebook ដដែលនោះបានបន្តទម្លាយនូវខ្លឹមសារនៃជំនួបសំងាត់របស់អ្នកទាំងពីរជាបន្តទៀត។
ជំនួបរវាង សម រង្ស៊ី និងអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីជាង១០ឆ្នាំមុន ក៏បាននិយាយអំពីការជួយសម្រួលផ្តល់សិទ្ធិដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជា នៅពេលគណបក្សប្រឆាំងកាន់កាប់អំណាចដឹកនាំប្រទេស។ ការលួចជួបសំងាត់ជាមួយវៀតណាមនាពេលនោះ ខណៈដែល សម រង្ស៊ី តែងតែប្រឆាំងដាច់ខាតចំពោះទង្វើផ្តាច់ការ របស់វៀតណាម ប៉ុន្តែបែរជាខ្លួនលួចទៅជួបស្ងាត់ៗទៅវិញ។ នៅក្នុងជំនួបនោះអ្នកទាំងពីរ ក៏បានលើកឡើងអំពីជនជាតិយួនមួយចំនួនដែលកំពុងរស់នៅទឹកដីខ្មែរផងដែរ ក្រៅពីនិយាយ អំពីព្រំដែន។ សម រង្ស៊ី ធ្លាប់ជួបជាមួយថ្នាក់ដឹកនាំវៀតណាមចំនួន២ដងរួចហើយ ទី១៖ នៅទីក្រុងហាណូយ និងទី២៖ នៅខេត្តតៃនិញ របស់វៀតណាម។
Facebook «ទីប្រឹក្សានគរ» បានទម្លាយនូវខ្លឹមសារនៃកិច្ចជំនួបរវាងអ្នកទាំងពីរយ៉ាងដូច្នេះថា៖ «រសៀលថ្ងៃទី១២ មីនានេះ ខ្ញុំសូមបន្តទម្លាយរឿងបន្ថែមទៀត ដែលអាជនក្បត់ជាតិ សម រង្ស៊ី លួចចរចាជាមួយថ្នាក់ដឹកនាំ របស់វៀតណាមលោក ង្វៀន វ៉ាន់គឹម អតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម កាលពីឆ្នាំ២០០៣-២០០៤ នៅទីក្រុងហាណូយ។ តាមមិត្តភក្រ្តចិត្តមួយ ថ្លើមមួយរបស់ខ្ញុំដែលជាមនុស្សនៅក្បែរបំផុតជាមួយ សម រង្ស៊ី បានប្រាប់ខ្ញុំថា នៅក្នុងជំនួបរវាង សម រង្ស៊ី និងរដ្ឋមន្រ្តីការបរទេសវៀតណាម ក៏បាននិយាយលើកឡើងអំពីជនជាតិយួន មួយចំនួនដែលកំពុងរស់នៅទឹកដីខ្មែរផងដែរ ក្រៅពីនិយាយអំពីព្រំដែន។ ហើយ សម រង្ស៊ី ធ្លាប់ជួបជាមួយថ្នាក់ដឹកនាំវៀតណាមចំនួន២ដង ទី១៖ នៅទីក្រុងហាណូយ និងទី២៖ នៅខេត្តតៃនិញ របស់វៀតណាម»។
ជនក្បត់ជាតិ សម រង្ស៊ី ក៏បានសន្យាជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ក៏ដូចជាមន្រ្តីជាន់ខ្ពស់ការទូតរបស់វៀតណាមថា នឹងជួយសម្រួលផ្តល់សិទ្ធិដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីខ្មែរ ប៉ុន្តែពលរដ្ឋវៀតណាមទាំងនោះត្រូវតែជួយដល់គណបក្សប្រឆាំង ដើម្បីឈ្នះគណបក្សប្រជាជនកម្ពុជា កាន់អំណាចដឹកនាំប្រទេសជាមុនសិន។
Facebook «ទីប្រឹក្សានគរ» បានសរសេរថា «ខ្ញុំសូមជំរាបជូនបងប្អូនពលរដ្ឋអ្នកស្នេហាជាតិទាំងអស់ថា ចំណុចនេះហើយដែលលទ្ធផលនៃការបោះឆ្នោតនាពេលកន្លងទៅ នៅតំបន់ណាដែលមានជនជាតិ វៀតណាមរស់នៅច្រើន ទីនោះភាគច្រើន គណបក្សសង្រ្គោះជាតិជាអ្នកឈ្នះ ជាក់ស្តែងដូចជានៅតំបន់កោះធំ និងស្រុកស្អាង ខេត្តកណ្តាលជាដើម»៕