(ប៉ៃលិន)៖ កាលពីវេលាម៉ោង ០៧៖១០នាទី នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ មានករណីក្មេងសិស្សសាលារកកល់សន្លប់ ចំនួន២នាក់ នៅចំណុចសាលារៀនភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានបញ្ជូន ទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ភ្លាមៗ ក្រោយពេលកើតហេតុ។

បើតាមការបំភ្លឺរបស់ក្មេងស្រីទាំងពីរបានឱ្យដឹងថា៖ ក្មេងស្រីទីមួយឈ្មោះ ភិន ស្រីប៉ៃ អាយុ ១៤ឆ្នាំ (រៀនថ្នាក់ទី៦) រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់ថា ខ្លួនមានអាការៈរាគលាមក ហើយពេលមករៀនខ្លួនមិនបានញ៉ាំអ្វីសោះ បន្ទាប់មក កើតអាការៈអស់កម្លាំង វិលមុខ ខណៈកំពុងរៀនក៏បានរកកល់នឹងសន្លប់តែម្តង។ ចំណែកក្មេងស្រីទីពីរឈ្មោះ ប៉េង ស្រីអ៉ី អាយុ ១៣ឆ្នាំ (រៀនថ្នាក់ ទី៦ជាមួយគ្នា) រស់នៅភូមិឃុំកើតហេតុខាងលើ បានបញ្ជាក់ថា ខ្លួនបានហាត់កីឡាអស់កម្លាំងខ្លាំងពេកកាលពីថ្ងៃម្សិលមិញ លុះមកដល់ថ្ងៃកើតហេតុ ខ្លួនបានញ៉ាំបាយ តែបីម៉ាត់ប៉ុណ្ណោះ រួចហើយក៏ចូលរៀន ពេលឃើញឈ្មោះ ភិន ស្រីប៉ៃ រកកល់សន្លប់ ខ្លួនក៏កើតអាការៈ វិលមុខ រកក្អួតរកកល់នឹងសន្លប់ដែរ។

បើតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យបានឱ្យដឹងថា មូលហេតុដែលក្មេងស្រីទាំងពីរខាងលើរកកល់ដួលសន្លប់ គឺបណ្ដាលមកពីរបបអាហារមិនគ្រប់គ្រាន់៕