(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សូមជម្រាបថា លោកស្រី រ៉ូ​ណា​ស្មី​ត​ បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី ​ចាប់តាំងពី​ថ្ងៃ​ទី០៥ មីនា​មក ដើម្បី​ពិនិត្យមើល​ឡើងវិញ ​ពី​ស្ថានភាព​សិទ្ធិមនុស្សនៅ​កម្ពុជា​ និង​អនុសាសន៍​របស់លោក​ស្រី ដែល​បាន​ដាក់ជូន​រដ្ឋាភិបាល​ កាលពី​ឆ្នាំ២០១៧។

ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល១០ថ្ងៃនេះ អ្នកជំនាញ​រូបនេះ គ្រោង​ជួបប្រជុំ​ជា​មួយ​​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការ​ទូត​​នានា៕