(មណ្ឌលគិរី)៖ ក្នុងពិធីប្រគល់មេដាយការពារជាតិ និងសំណេះសំណាលជាមួយអតីតយុទ្ធជននៅក្នុងខេត្តមណ្ឌលគិរី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមអតីតយុទ្ធជន បានរិះគន់ និងវាយប្រហាររិះគន់ខ្លាំងៗទៅការធ្វើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី។ លោក គន់ គីម បានហៅការធ្វើនយោបាយស្អប់យួន តែលួចធ្វើការជាមួយយួន ហើយសន្យាកាត់ដីប្រគល់ឲ្យជនជាតិភាគតិចយួន គឺជានយោបាយដ៏ពិសពុល និងគ្រោះថ្នាក់បំផុតសម្រាប់ជាតិកម្ពុជា។
នៅចំពោះមុខអតីតយុទ្ធជន ២៦៣នាក់ រួមនិងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីជាច្រើនរូបទៀតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយដោយមិនបានតម្កល់ប្រយោជន៍ជាតិជាចម្បងនោះឡើយ ពោលគឺគេហ៊ានប្រើគ្រប់មធ្យោបាយទៅបីខ្មៅកខ្វក់ ពិសពុល ឬនាំគ្រោះសម្រាប់ជាតិ ក៏ហ៊ានលេងដែរឲ្យតែបានសម្រេចមហិច្ឆតា។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គន់ គីម បែបនេះ បានធ្វើឡើងបន្ទាប់ពីរូបលោកបានឃើញនូវកិច្ចព្រមព្រៀងរបស់លោក សម រង្ស៊ី ជាមួយលោក កុក ស ជនជាតិភាគតិចវៀតណាម និងជាមេទ័ពយួនខាងត្បូងមួយរូប ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៣។ ក្នុងកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានអះអាងថា នឹងផ្តល់ដីចំនួន៤ខេត្តរួមមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ទៅឲ្យជនជាតិភាគតិចយួនគ្រប់គ្រង និងរស់នៅដោយសេរី។
ជាពិសេសនៅថ្ងៃនេះតែម្តងលោក សម រង្ស៊ី ក៏ត្រូវបានគេទម្លាយផងដែរថា កាលពីឆ្នាំ២០០៣-២០០៤ បានលួចជួបចរចាសម្ងាត់ជាមួយមេដឹកនាំវៀតណាម លោក ង្វៀន វ៉ាន់គឹម អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម និងមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម នៅទីក្រុងហាណូយ។ បើតាមការទម្លាយការទៅជួបនាពេលនោះ គឺនិយាយលើកិច្ចការព្រំដែនរវាងកម្ពុជា-វៀតណាម។
«គេតែងតែនិយាយថា ស្អប់យួន មួយមាត់ក៏ស្អប់យួន តែលួចធ្វើការស្ងាត់ៗជាមួយយួន រហូតសន្យាកាត់ដីឲ្យយួននៅពេលគេឈ្នះឆ្នោតទៀត។ នេះជានយោបាយមួយដ៏ខ្មៅកខ្វក់ និងពិសពុលជាទីបំផុត ជាពិសេសវាងាយនាំគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជាតិយើង»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់។
កុក ស ត្រូវបានគេដឹងថា ជាមេទ័ពយួនខាងត្បូងមួយរូបក្នុងសម័យសង្គ្រាមវៀតណាម ហើយ កុក ស ក៏ជាសម្ព័ន្ធមិត្តនៃរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ផងដែរ។ កុក ស ក៏បានបានមកជួយទ័ពលន់ នល់ ដើម្បីច្បាំងជាមួយទ័ពខ្មែរក្រហមថែមទៀតផង។
នាយឧត្តមសេនីយ៍ គន់ គីម បានហៅការឃុបឃិតរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ គឺជាការធ្វើនយោបាយមួយដូចទៅនឹងក្រុមក្បត់ជាតិសាធារណរដ្ឋខ្មែរផងដែរ។ ទីបំផុតទៅនយោបាយនេះហើយ ដែលនាំឲ្យជាតិកម្ពុជាត្រូវអន្តរាយ។
តែទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ គន់ គីម បានអះអាងថា ពុតត្បុតដ៏ពិសពុល និងអាក្រក់របស់អ្នកនយោបាយបំផ្លាញជាតិទណ្ឌិត សម រង្ស៊ី ត្រូវបានរលាយក្រោមភាពឈ្លាវៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានវាយបំបែកនូវចលនារបស់ពួកគេ។ លោក គន់ គីម បន្តថា ប្រសិនបើល្បិចកិច្ចកលនេះរកមិនឃើញ ហើយវាយកម្ចាយមិនទាន់ពេលវេលាទេ នោះភាពអន្តរាយសម្រាប់ជាតិកម្ពុជានឹងកើតមានជាក់ជាមិនខាន។
ក្នុងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកបានធ្វើពលីកម្មសព្វបែបយ៉ាងសម្រាប់បុព្វហេតុជាតិមាតុភូមិនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទទូចដល់អតីតយុទ្ធជន រួមនិងជនរួមជាតិ ត្រូវតែរួមគ្នាប្រឆាំងជាមួយទង្វើនាំជាតិធ្លាក់ទៅរកភាពអន្តរាយរបស់ទណ្ឌិត សម រង្ស៊ី នេះ៕