(ពោធិ៍សាត់)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដាស់តឿនដល់មន្ត្រីមូលដ្ឋានចាប់តាំងពីថ្នាក់ស្រុក-ឃុំ ភូមិ និងមន្តី្រនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើជាម៉ែជាឳគេ ត្រូវបន្តការខិតខំប្រឹងប្រែងផ្តល់ភាពកក់ក្តៅ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយកុំយកតួនាទីទៅគៀបសង្កត់ បង្កការថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំ។
លោក ម៉ៅ ធនិន បានថ្លែងបែបនេះ នៅបរិវេណសាលាស្រុកបាកាន ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរងស្រុកបាកាន ដោយបានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ និងមន្ត្រីរាជការជុំវិញស្រុកជាង៣០០នាក់។
បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងតាំងមន្ត្រីរាជការរួចមក លោកស្រី ខៀវ រ៉ានីង ដែលទើបទទួលតំណែងជាអភិបាលរងថ្មីស្រុកបាកាន បានប្តេជ្ញាចិត្តខិតខំអនុវត្ត និងបំពេញការងារឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យ ទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជម្រុញកាងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បង្កាបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំ ឲ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ។
លោក ម៉ៅ ធនិន ក៏បានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានទាំងអស់ ដែលមានតួនាទីរដ្ឋ ត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាងនេះទៅទៀត គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវមហាមេគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទី ទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានចាត់ឲ្យលោក ផាយ ឡេង អភិបាលស្រុកបាកាន និងជាប្រធានស្តីទីគណបក្សស្រុក ត្រូវកោះអញ្ជើញមេភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមេប៉ុស្តិ៍ ទូទាំងស្រុកបាកាន ដើម្បីជួបសំណេះសំណាល យ៉ាងយូរក្រោយថ្ងៃទី២០ ខែមីនាខាងមុខនេះ។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ដែលមានជុំវិញអាគាររដ្ឋបាលសាលាខេត្តថ្មី ធ្វើយ៉ាងណាសម្រេចឲ្យបានមុនដើមខែមេសា និងដើម្បីរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន ក៏បានបន្តផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ខ្វះខាតពិតប្រាកដ និងបានដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ បានជិត១០០គ្រួសារផងដែរ៕