(តាកែវ)៖ ក្រុមមន្រ្តីកាំកុងត្រូលខេត្តតាកែវ រួមនិងអាជ្ញាធស្រុកទ្រាំង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានចុះឆ្មក់ពិនិត្យទីតាំងកែច្នៃប្រហុកគ្មានច្បាប់មួយកន្លែង នៅក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ដោយបានរកឃើញប្រហុក កែច្នៃមានសារធាតុគីមីជាង១តោន។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ប្រហុកសាច់ត្រីខូចគុណភាពជាង១តោន ដែលនាំត្រីយកមកពីប្រទេសវៀតណាម យកមកកែច្នៃជាប្រហុក ត្រូវបានមន្រ្តីរបស់លោក ធ្វើការរឹបអូស បន្ទាប់ពីបានចុះឆ្មក់នៅទីតាំងកែច្នៃប្រហុករបស់ឈ្មោះ យិន យ៉ុង។ មន្រ្តីរបស់លោក ធ្វើតេស្តរកឃើញមានផ្ទុកទៅដោយសារធាតុគីមី Formiline ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកប្រធានសាខាកាំកុងត្រូល បានបន្តថា ទីតាំងកែច្នៃប្រហុកខាងលើ មិនមានច្បាប់អនុញ្ញាតពីមន្ទីរជំនាញនោះទេ ហើយត្រីដែលយកមកកែច្នៃធ្វើប្រហុកនេះមួយចំនួនធំ នាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀង និងត្រីមួយចំនួនតូចជាត្រីរបស់ខ្មែរយើង។ ក៏ប៉ុន្តែឆ្លងតាមការធ្វើតេស្តបឋម ប្រហុកដែលផ្ទុកក្នុងបាវចំនួន១៨បាវ និងក្នុងពាងចំនួន២រយគីឡូ គឺផ្ទុកទៅដោយសារធាតុគីមីហាមឃាត់ ដូច្នោះប្រហុកទាំង១១២៨គីឡូនេះ ត្រូវបានរឹបអូស យកមកទុកនៅសាលាឃុំអង្កាញ់ ជាបណ្ដោះអាសន្នសិន។
បើតាមលោក ប៉ោ លាងគង់ ទីតាំងកែច្នៃប្រហុកគ្មានច្បាប់អនុញ្ញាតនេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយឡែកវត្ថុតាង ជាប្រហុកខូចគុណភាព ត្រូវបានមន្រ្តីរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីគោលការណ៍ដុតកម្ទេសចោលតែម្ដង៕