(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងនគរបាលរបស់លោក បើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទខុសច្បាប់ នៅក្នុងមូលដ្ឋានស្រុកកងមាស ដោយដកហូតបានវត្ថុតាងជាច្រើន ដើម្បីដុតបំផ្លាញចោល។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកបានចាត់បញ្ជាលោកអធិការនគរបាលស្រុកកងមាស ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយ សមត្ថកិច្ចជលផលខេត្ត ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងខ្ពបប្រស្រែ ស្ថិតនៅខាងក្រោយភូមិកងតាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស។
បើតាមលោកស្នងការ ជាលទ្ធផល ដកហូតបានលូស្បៃមុង ចំនួន១៩មាត់, លូសាច់កាវ ចំនួន២១មាត់, ព្រួលស្បៃមុង ចំនួន១,៥០០ម៉ែត្រ។ ដោយឡែកចំពោះឧបករណ៍ វត្ថុតាងខាងលើបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង៕