(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងនាមលោកជាអ្នកគ្រប់គ្រងប្រមូលពន្ធជូនរដ្ឋាភិបាល ពិតជាចង់ឃើញសហគ្រាស ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា មានការចម្រើនលូតលាស់ មានប្រាក់ចំណេញច្រើន និងប្រកាសមានប្រាក់ចំណេញ សម្រាប់បង់ពន្ធជូនរដ្ឋផងដែរ។
ការលើកឡើងបែបនេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «កាតព្វកិច្ច និងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងវឌ្ឍនភាពស្តីពីការកែទម្រង់ប្រពន្ធពន្ធដារ» ដែលប្រព្រឹត្តឡើង នាថ្ងៃច័ន្ទ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នាសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ដោយមានវត្តមានចូលរួមរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពន្ធដារជំនាញដែលពាក់ព័ន្ធ ព្រមទាំងម្ចាស់ និងជាតំណាងសហគ្រាសនៅកម្ពុជាប្រមាណជាង ១០០០នាក់។
ជាមួយនឹងការចង់បាន និងចង់ឃើញសហគ្រាសប្រតិបតិ្តការ រីកលូតលាស់នៅក្នុងប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានប្រាក់ចំណេញនេះ លោកអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា ក្នុងរយៈកាលជាងមួយទសវត្សចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា បានកើនឡើង ក្នុងកម្រិតមួយយ៉ាងល្អប្រសើរ ដែលស្ថិតក្នុងរង្វង់ប្រមាណ៧%ក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានេះ តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ ដែលអនុវត្តស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល រយៈមធ្យម ២០១៤-២០១៨ ជាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេចបានគ្រប់ និងលើសផែនការច្បាប់កំណត់ ជាពិសេសឆ្នាំ២០១៧នេះ ជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន១១៣% នៃផែនការច្បាប់។
លោកអគ្គនាយកដ្ឋានពន្ធដារ បានឲ្យបន្ដទៀតថា លទ្ធផលសម្រេចបាននេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងបរិបទមួយ ដែលស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន ទី១៖ មិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី ទី២៖ មានតែពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារមានស្រាប់ ទី៣៖ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពលដែលមានស្រាប់ និងទី៤៖ ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ។
ផ្សាភ្ជាប់ជាមួយនឹងទិដ្ឋភាពសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក គង់ វិបុល បានកត់សម្គាល់ថា សហគ្រាសរបស់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ ច្បាស់ជាទទួលបាននូវការរីកចម្រើនធំធាត់ និងកាន់តែបោះជំហានទៅមុខឥតឈប់ឈរ។ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ មានអ្នកជាប់ពន្ធមួយចំនួន បានប្រកាសពន្ធខាត តែទោះជាយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារសំគាល់ថា ការប្រកាសពន្ធខាតកំពុងថយចុះជាបណ្តើរៗពីមួយឆ្នាំទៅមួយឆ្នាំ។
លោក គង់ វិបុល បញ្ជាក់ទៀតថា «ក្នុងនាមជាអ្នកគ្រប់គ្រងប្រមូលពន្ធជូនរដ្ឋាភិបាល ខ្ញុំក៏មិនចង់ឃើញសហគ្រាសប្រកាសខាត បង់ពន្ធខ្វះនេះ ខ្វះនោះ មានបញ្ជីគណនេយ្យ២-៣នោះឡើយ ហើយខ្ញុំសង្ឃឹមទៀតថា អ្នកបង់ពន្ធទាំងអស់នឹងមិនកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ និងទទួលរងនូវការផាកពិន័យ ទទួលទោសទណ្ឌ ព្រមទាំងការប្រាក់នោះឡើយ»។
លោកអគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹកដល់អ្នកជាប់ពន្ធទាំងអស់គ្នាផងដែរថា ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនគោរពនូវបទប្បញ្ញត្តិស្ដីពីពន្ធដារ ហើយកិច្ចការចម្បងដែលអ្នកជាប់ពន្ធគ្រប់រូប ត្រូវប្រកាន់យក គឺត្រូវបោះបង់ចោលនូវទម្លាប់ចាស់មួយចំនួនដូចជា តែងតែស្នើសុំលើកលែងពន្ធ ជាមួយនឹងមូលហេតុផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់ មិនបានខ្ជាប់ខ្ជួន និងត្រឹមត្រូវឲ្យមក ជាគោរពប្រតិបត្តិច្បាប់ ឱ្យបានត្រឹមត្រូវវិញ ដោយមកដាក់លិខិតប្រកាស បង់ពន្ធឲ្យបានទាន់ពេលវេលា និងឲ្យបានត្រឹមត្រូវ៕