(បាតដំបង)៖ ដើម្បីផ្សារភ្ជាប់រវាងទ្រឹស្តីទៅនឹងស្ថានភាពជាក់ស្តែងតំណាងនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសអក្សរសាស្រ្តខ្មែរ និងភូមិវិទ្យាចំនួនជាង១០០នាក់មកពី CUS បាត់ដំបង និង CUS កំពង់ចាមបានចុះកម្មសិក្សារួមគ្នានៅតំបន់ប្រវត្តិសាស្រ្ត ប្រាសាទឯកភ្នំ.ប្រសាទស្នឹងខាងកើត និងប្រសាទបាណន់ ពិសេសសិក្សាស្វែងយល់ពីកំណាយស្ថានីយល្អាងស្ពានក្នុងស្រុករតនៈ មណ្ឌលខេត្តបាត់ដំបងកាលពីថ្ងៃទី០៩-១១ ខែមីនាឆ្នាំ២០១៨ថ្មីៗនេះ។
លោកសាស្រ្តាចារ្យ នួន ណារក្ស ដែលជាប្រធានក្រុមដឹកនាំកម្មសិក្សា នេះបានមានប្រសាសន៍ថាការសិក្សានៅឧត្តមសិក្សាមានសារៈសំខាន់ណាស់ នៅពេលដែលនិស្សិតបានផ្សារភ្ជាប់រវាងទ្រឹស្តីតាមការស្រាវជ្រាវគំហើញថ្មីៗរបស់អ្នកស្រាវជ្រាវ ទៅនឹង តថភាពពិតដែលធ្លាប់កើតមាន។សក្ខីភាពថ្ងៃនេះជាភស្តុតាងមួយដែលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស៖ អក្សរសាស្រ្តខ្មែរ និងឯកទេសភូមិវិទ្យានៃសាកលវិទ្យាល័យ CUS បានចុះកម្មសិក្សាដោយផ្ទាល់នៅស្ថានីល្អាងស្ពាន ប្រាសាទស្នឹងខាងកើត ប្រសាទបាណន់ (ខេត្តបាត់ដំបង)។ ក្នុងបរិបទបច្ចុប្បន្ននេះនិស្សិត ទាមទារយ៉ាងសំខាន់លើគុណភាពដើម្បីប្រកួតប្រជែង ទីផ្សារការងារ ដូច្នេះហើយក្នុងពេលចុះកម្មសិក្សា និស្សិតទាំងអស់តម្រូវឲ្យសរសេររបាយការណ៍ស្តីពីការចុះកម្មសិក្សាស្រាវជ្រាវលើប្រធានបទផ្សេងៗគ្នាស្របតាមឯកទេសខ្លួនឱ្យឆ្លើយតបទៅនឹងគោលបំណងសំខាន់ៗចំនួន៦គឺ៖
ទី១-យល់ដឹងពីគុណតម្លៃនៃប្រាសាទបុរាណ្យខ្មែរ ទី២-យល់ដឹងពីបច្ចេទទេសស្ថាបត្យកម្មនៃសំណងប្រសាទខ្មែរ
ទី៣-យល់ដឹងពីរចនាបទ តួនាទី នៃប្រាសាទបុរាណនិងពិធីសាសនា និង ទំនៀមទំលាប់ប្រពៃណីខ្មែរ
ទី៤-ស្វែងយល់ពីសារៈសំខាន់នៃការធ្វើកំណាយ បុរេប្រវត្តិសាស្ត្រ របស់ក្រុមបច្ចេកទេស បុរាណវិទ្យា
ទី៥-ស្គាល់ពីសំណល់វត្ថុសិល្ប៍នៃបុរេប្រវត្តិសាស្ត្រនិងទី៦-ពង្រឹងសមត្ថភាព គុណភាពនិស្សិតលើការសិក្សាមុខវិជ្ជាបុរាណវិទ្យា។
និស្សិត សំាង ស៊ីមឿន មកពីសាខាកំពង់ចាមបាន ប្រាប់ឲ្យដឹងថា ក្រុមរបស់គាត់ស្រាវជ្រាវលើប្រធានបទ «ការធ្វើកំណាយនៅល្អាងស្ពាន» តាមរយៈប្រធានបទនេះ និស្សិតក្នុងក្រុម បានរកឃើញអត្ថន័យ អត្ថរូបជាច្រើន រួមទាំងជីវភាពរស់នៅរបស់មនុស្សនៅសម័យបុរេប្រវត្តិសាស្ត្រ។
និស្សិត គាំ សុគឿម មកពីសាខាបាត់ដំបងក៏បានបង្ហើបឱ្យដឹងថាក្រុមលោកស្រាវជ្រាវលើប្រធានបទ «ចម្លាក់លើផ្តែរ» តាមរយៈកម្មសិក្សានេះក្រុមលោកបានសម្គាល់ឃើញចម្លាក់ដែលនៅលើផ្តែរប្រាសាទច្រើនមានរូបរាហ៊ូចាប់លេប ឫ ខ្ចះព្រះចន្ទ។
និស្សិតចុះកម្មសិក្សានាពេលនេះក្នុងក្រុមនីមួយៗបានយកលទ្ធផលនៃការចុះកម្មសិក្សានេះទៅចងក្រងជារបាយការណ៍ស្រាវជ្រាវដើម្បីធ្វើបទបង្ហាញពីស្នាដៃដែលក្រុមខ្លួនបានរកឃើញ។
លោក ណន ធី នាយកសាខាCUS បាត់ដំបងបានគូសបញ្ជាក់ថា ក្នុងបេសកកម្មបណ្តុះបណ្តាលជាង១៥ឆ្នាំនេះ CUS មានការីកចម្រើនគួឱ្យកត់សម្គាល់ជាពិសេសក្នុងពេល៣ឆ្នាំចុងក្រោយនេះ CUS បានប្តេជ្ញារួមគ្នារវាងបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតដើម្បីបណ្តុះបណ្តាលឱ្យបានធនធាន មនុស្សល្អ ដោយបានដាក់ចេញនូវវិធានការ «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» ការចុះកម្មសិក្សារួមគ្នារបស់និស្សិតនៃសាខាទាំងពីរក្នុងថ្ងៃនេះក៏ជាចំណែកមួយនៃវិធានការ ពង្រឹងគុណភាពផងដែរ។
ចុងក្រោយលោក ក៏មានមោទនភាពជាមួយនឹង ការខិតខំ ប្រឹងប្រែង របស់និស្សិតCUS ដែលបានខិតខំប្រឹងប្រែងតស៊ូសិក្សា ស្រាវជ្រាវរៀនសូត្ររហូតធ្វើឲ្យ CUS ទទួលបានជោគជ័យមានកំណើននិស្សិតថ្មី១៣,៣%ក្នុងឆ្នាំនេះនៅទីតាំងទាំង៨គឺ CUSទួលគោក CUSស្ទឹងមាន ជ័យ CUSកំពង់ចាម CUSកំពង់ធំ CUSសៀមរាប CUSបន្ទាយមានជ័យ CUSបាត់ដំបង និង CUSកំពត៕