(ភ្នំពេញ)៖ ក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា ហៅកាត់ (CSX) បានបន្តប្រឹងប្រែងបញ្ជ្រាបការយល់ដឹងពីសារសំខាន់ នៃការចុះបញ្ជីនៅទីផ្សារភាគហ៊ុន ក្នុងគោលបំណង ដើម្បីផ្តល់ក្របខណ្ឌសម្រាប់ការបណ្តុះបណ្តាលដល់សហគ្រិននានា ឲ្យយល់កាន់តែច្បាស់ អំពីសារប្រយោជន៍នៃការចុះបញ្ជីនៅទីផ្សារភាគហ៊ុន និងរបៀបនៃការរៀបចំខ្លួន ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចូលទីផ្សារមួយនេះ។
ការប្រឹងប្រែងនេះ ត្រូវបានបង្ហាញឡើង តាមរយៈការបើកសិក្ខាសិលា និងការតាំងពិព័រណ៌នានាជាច្រើនដើម្បីបញ្ជ្រាបការយល់ដឹងពីវិស័យភាគហ៊ុន។ លើសពីនេះ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ CSX និងក្រុមហ៊ុន SUCCESSCO បានហត្ថលេខារួមគ្នា ដើម្បីចូលរួមជ្រោមជ្រែង ការរីកចំរើននៃការជួញដូរមូលបត្រ។
លោក ស៊ីម តារា អគ្គនាយកក្រុមហ៊ុន SUCCESSCO បានថ្លែងថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ជាជំហានទៅមុខមួយកម្រិតទៀត មានចំណែកជួយអភិវឌ្ឍន៍ នូវធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដូចជាផ្តល់ចំណេះដឹង ផ្តល់យុទ្ធសាស្ត្រ ដល់អ្នកអាជីវកម្មវ័យក្មេង ក៏ដូចជាម្ចាស់អាជីវកម្មដទៃទៀតផងដែរ ដែលមានបំណងពង្រីកអាជីវកម្មឲ្យរីកចម្រើនទៅមុខ ជាពិសេសនេះ ជាក្តីសង្ឃឹមផ្ទាល់របស់ក្រុមហ៊ុន SUCCESSCO ដែលចង់នាំក្រុមហ៊ុនជាច្រើននៅកម្ពុជា ចូលក្នុងផ្សារមូលបត្រនេះ។
លោកបានបន្តថា ពិធីចុះហត្ថលេខានេះ គឺជាការជំរុញលើកទឹកចិត្តមួយដល់ខ្លួនលោកផ្ទាល់ និងសមាជិករបស់ក្រុមហ៊ុនលោកទាំងមូល ក្នុងការជួយជ្រោមជ្រែងក្នុងវិស័យមូលបត្រកម្ពុជា ជាពិសេសធ្វើឲ្យទីផ្សារមូលបត្រកម្ពុជា មានសន្ទុះរីកចម្រើនទៅមុខមួយកម្រិតទៀត។
ជាមួយគ្នានេះលោក ហុង សុខហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ផ្សារមូលបត្រកម្ពុជា ក្នុងការបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់ និងសារប្រយោជន៍ នៃការចុះបញ្ជីលក់ភាគហ៊ុន នៅផ្សារភាគហ៊ុនដល់សហគ្រិនទាំងឡាយ ជាពិសេសសហគ្រិនដែលជាសមាជិក នៃក្រុមហ៊ុន SUCCESSCO ផ្ទាល់តែម្តង។
លោកបានបន្តថា ក្នុងក្របខណ្ឌនៃអនុស្សរណៈគ្នានេះទៀតសោត ផ្សារមូលបត្រកម្ពុជា នឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ដែលរៀបចំឡើងដោយក្រុមហ៊ុន SUCCESSCO នេះ តាមរយៈការប្រឹក្សាយោបល់ អំពីកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាការផ្តល់នូវវាគ្មិនជំនាញពាក់ព័ន្ធ។
លោកបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៥ ដែលកំពុងចុះបញ្ជីលក់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយឆាប់ៗខាងមុខនេះ នឹងមានមួយក្រុមហ៊ុនបន្ថែមទៀតកំពុងត្រៀមខ្លួនចុះបញ្ជី។
លោកបានបន្តថា ក្រុមហ៊ុនទាំងអស់នោះសុទ្ធជាក្រុមហ៊ុនធំៗ មានដើមទុនរាប់សិបលានដុល្លារ និងបានចុះបញ្ជីនៅ «ទីផ្សារគោល» ដែលជាទីផ្សារធំរបស់ទីផ្សារមូលបត្រកម្ពុជា ខណៈដែលក្រុមហ៊ុនធំៗ ប្រភេទនេះ មានតិចជាង៣ភាគរយ នៃចំនួនក្រុមហ៊ុនសរុបនៅកម្ពុជា។
លោក ស៊ីម តារា សង្ឃឹមយ៉ាងមុតមាំថា យ៉ាងយូរ៥ឆ្នាំទៀត ក្រុមហ៊ុនជាច្រើននឹងចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា ក្រោយពីមានការសហការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជំរុញឲ្យបានសកម្ម ជាពិសេសរួមចំណែកក្នុងការផ្តល់ចំណេះដឹង ជំនាញ ហើយនិងការបំផុសគំនិត។
លោកបានបញ្ជក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា នឹងមានការរីកចម្រើនទៅមុខមិនមែនមានតែ ៥ក្រុមហ៊ុនដូចសព្វថ្ងៃទេ ប៉ុន្តែនឹងមានក្រុមហ៊ុនច្រើនទៀត នឹងត្រៀមលក្ខណៈចុះឈ្មោះ ពោលគឺការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា»។
បន្ថែមលើនេះ លោក ហុង សុខហួរ បានឲ្យដឹងទៀតថា ទីផ្សារមូលបត្រកម្ពុជា បានបង្កើតកម្មវិធីមួយមានឈ្មោះថា Listing Incubator Program ដែលតាមរយៈកម្មវិធីនេះ ក្រុមការងាររបស់ទីផ្សារមូលបត្រកម្ពុជា បានចុះជួយផ្តល់ប្រឹក្សាយោបល់ដោយឥតគិតថ្លៃដល់ក្រុមហ៊ុននានា អំពីនីតិវិធីលម្អិតក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ ការត្រៀមលក្ខណៈផ្សេងៗ មុនសម្រចចិត្តចូលទីផ្សារ ការចំណាយផ្សេងៗ និងបញ្ហាប្រឈមនានា ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនធ្វើការសម្រេចចិត្តចូលមកទីផ្សារមូលបត្រកម្ពុជា។ លោកបានបន្តថា កម្មវិធីនេះនៅតែបន្តស្វាគមន៍ក្រុមហ៊ុនទាំងឡាយណា ដែលមានបំណងពិចារណាបោះផ្សាយលក់ភាគហ៊ុនដើម្បីកៀរគរទុនសម្រាប់ការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន។
សូមជម្រាបជូនថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំពិធី «ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា MY First STOCK 2018 » និងបានប្រកាសដាក់សម្ភោធឲ្យប្រើប្រាស់ ជាផ្លូវការនូវគេហទំព័រ Phsarhun.com និង PhsarHun App ដើម្បីឲ្យសាធារណជន ព្រមទាំងវិនិយោគិនទាំងអស់ កាន់តែងាយស្រួលយល់ដឹង អំពីទីផ្សារភាគហ៊ុន បានងាយជាងមុន៕