(កំពង់ស្ពឺ)៖ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់គ្រូបង្គោល១០០នាក់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងមករៀនឲ្យបានទៀងទាត់កុំគេចវេស។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានគូសបញ្ជាក់ថា សិក្ខាកាមជាគ្រូបង្គោលទាំងអស់ ដាច់ខាតត្រូវតែគោរពវិន័យរបស់កម្លាំងនគរបាលជាតិ និងគោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលា មិនមែនអាងខ្លួនជាគ្រូហើយធ្វើអ្វីស្រេចតែចិត្តនោះទេ។
បើតាមនាយឧត្តមសេនីយ៍ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងតែរយៈពេល១ខែតែប៉ុណ្ណោះ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា វៀតណាម នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដូច្នេះហើយគ្រូបង្គោលសរុប១០០នាក់ មកពីនាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការ និងមកពីស្នងការដ្ឋានរាជធានី-ខេត្ត ត្រូវតែខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ថ្មីៗពីអ្នកជំនាញ របស់ក្រុមហ៊ុន ខេមបូឌាន ហ្វែវិន អ៊ិធើប្រាយ ខំផានី លីមីធីត។
មួយវិញទៀត នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានក្រើនរំលឹកដល់ លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលា ត្រូវធ្វើរបាយការណ៍បញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ចំពោះសិក្ខាកាមណាដែលមានវត្តមាន និងសិក្ខាកាមណាដែលអវត្តមាន ហើយត្រូវបញ្ជាក់នូវអង្គភាពរបស់សិក្ខាកាមទាំងនោះផង។
សូមជម្រាបថា បើតាមនាយឧត្តមសេនីយ៍ សួស អង្គារ៍ នៅចុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន ខេមបូឌាន ហ្វែវិន អ៊ិធើប្រាយ ខំផានី លីមីធីត នឹងបន្ដជួយបើកវគ្គបណ្ដុះបណ្ដាលដល់មន្ដ្រីនគរបាលកម្ពុជា លើផ្នែកបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នេះបន្ដទៀតផងដែរ៕