(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា តម្លៃសរុបនៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ក្នុងឆ្នាំ២០១៧ មានប្រមាណជាង ៧.៦ពាន់លានដុល្លារអាមេរិក ដែលប្រការនេះនាំឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខមួយ ក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារពិភពលោក។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ នៅក្រសួងការងារ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។
លោកថ្លែងយ៉ាងដូច្នេះថា «រហូតដល់ឆ្នាំ២០១៧ រោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងមានចំនួន ១,១៥៤គ្រឹះស្ថាន កើនឡើង ៤.២៥% និងមានកម្មករនិយោជិតជាង៧៧ម៉ឺននាក់ កើនឡើង ៤.៤២% (ស្រីជិត ៦៤ម៉ឺននាក់) ធៀបនឹងឆ្នាំ២០១៦។ តម្លៃសរុបនៃការនាំចេញផលិតផល ផ្នែកកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ឆ្នាំ២០១៧ មានប្រមាណជាង ៧.៦ពាន់លានដុល្លារអាមេរិក»។
លោកបានរំឭកថា ដោយឡែកវិស័យវាយនភណ្ឌកាត់ដេរ ក្នុងរយៈពេល២០ឆ្នាំ ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១៧នេះ រោងចក្រ សហគ្រាស គ្រឹះស្ថានបានកើនឡើងពីចំនួន៦៤ នៅឆ្នាំ១៩៩៧ តម្លៃនាំចេញមានជាង ២០០លានដុល្លារ និងមានកម្មករនិយោជិតជាង ៨ម៉ឺននាក់។
លោកបានបន្តថា ចាប់ពីឆ្នាំ២០០០ រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគី ដើម្បីចចារបញ្ហាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតជាបន្តបន្ទាប់ ដោយបានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន១៣លើក ចាប់ពីប្រាក់ឈ្នួលអប្បបរមាមានចំនួន ៣០ដុល្លារក្នុងមួយខែ កើនដល់ចំនួន ១៧០ដុលា្លរអាមេរិក ក្នុងមួយខែក្នុងឆ្នាំ២០១៨នេះ រួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទទួលបានពី ១៨៧ដុល្លារ ទៅ១៩៨ដុល្លារ ក្នុងមួយខែ បើគិតទាំងប្រាក់ការងារបន្ថែមម៉ោង និងប្រាក់រង្វាន់ផ្សេងៗទៀតអាចទទួលបានពី ២២០ដុល្លារ ឡើងទៅក្នុងមួយខែ៕