(ភ្នំពេញ)៖​ សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះហ្វឹកហ្វឹនបោសសំអាតមីន សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ដល់បណ្តាប្រទេសអាស៊ាន និងលើពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឹន ឆ្នាំ២០១៧ និងបន្តបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឹន ឆ្នាំ២០១៨ ដល់សិស្សនាយទាហាន នៅសកលវិទ្យាល័យការពារជាតិនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «ជាក់ស្តែង ស្របតាមពេលនេះ មជ្ឈមណ្ឌលជាតិ បាននិងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះបើក វគ្គហ្វឹកហ្វឹនគ្រូបង្គោល ផ្នែកបច្ចេកទេសបោសសំអាតមីន សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ដែលមានសិក្ខាកាមមកពីប្រទេសនៅតំបន់អាស៊ាន និងក្នុងតំបន់ចំនួន១២ប្រទេស មកចូលរួមនៅក្នុងសាលាហ្វឹកហ្វឹនពហុជាតិខេត្តកំពង់ស្ពឺ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នេះជាជោគជ័យ និងមោទនភាពរបស់កម្ពុជា ហើយវគ្គហ្វឹកហ្វឹននេះ បានបង្ហាញ និងទទួលស្គាល់ ពីសមត្ថភាព បទពិសោធន៍ពិតរបស់កងយោធពលខេមរភូមិន្ទ លើជំនាញបោសសំអាតមីន បេសកកម្មរក្សាសន្តិភាព ក្នុងប្រទេស និងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាតិ។ ទាំងនេះ គឺជាសមិទ្ធផលមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន របស់កងយោធពលខេមរភូមិន្ទសម្រេចបាននាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់ អង្គការសហប្រជាជាតិ។ បច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាង គេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕