(ត្បូងឃ្មុំ)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការ អនុសាខាតាមក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធនោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា នៅពេលមានឧប្បតិវហេតុកើតឡើង សាខាកាកបាទក្រហមខេត្ត និងអនុសាខាតាមបណ្តាក្រុង-ស្រុកទាំង៧ បានធ្វើការឆ្លើយតបភ្លាមៗ ទាន់ពេលវេលា ដោយនាំយកមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះសរុបចំនួន ១៥៣គ្រួសារ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧កន្លងទៅនេះ។
លោក លី ឡេង បន្តឲ្យដឹងថា គ្រួសារដែលរងគ្រោះទាំង១៥៣គ្រួសារនោះ រួមមាន ភ្លើងឆេះផ្ទះចំនួន២០គ្រួសារ, ខ្យល់កន្ត្រាក់របើកដំបូលទាំងស្រុង ចំនួន៣៥គ្រួសារ, ជនពិការចំនួន៤គ្រួសារ, ប្រជាពលរដ្ឋជួបការលំបាក និងចាស់ជរា ចំនួន៦៦គ្រួសារ, បាក់ច្រាំងទន្លេចំនួន៦គ្រួសារ, សួរសុខទុក្ខអ្នកជម្ងឺ ចំនួន៤គ្រួសារ និងចូលបុណ្យសព ចំនួន១៨គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានឃីត១កញ្ចប់ ដោយមានសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ដោយផ្អែកទៅតាមស្ថានភាពរងគ្រោះ ។
លោកប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត លើកឡើងថា រាល់ការចុះសួរសុខទុក្ខ និងចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាក រងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ ជនពិការ កុមារកំព្រា សុខភាពមាតា ទារកនិងកុមារ លោកផ្ទាល់ ក៏ដូចជាសមាជិកសមាជិកា កាកបាទក្រហមខេត្តគ្រប់រូប បានផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយអ្វីឡើយ ។
លោក លី ឡេង ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក៏បានជំរុញឲ្យគណៈកម្មាធិការសាខា អនុសាខាទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងលើវិស័យស្នូលទាំងបួន របស់កាកបាទ ក្រហមកម្ពុជារួមមាន ទី១៖ ការឆ្លើយតបគ្រោះមហន្តរាយ, ទី២៖ ការងារសុខភាព និងការថែទាំ សុខភាពសហគមន៍, ទី៣៖ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធម៌ និងទី៤៖ ការងារអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដើម្បីសម្រេចបាននូវ ការងារជាអាទិភាពរបស់ខ្លួន ក្នុងសកម្មភាពមនុស្សធម៌ ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕