(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានប្រកាសប្ដេជ្ញាចិត្តថា ក្រុមមន្ត្រីពាក់ព័ន្ធនៃក្រសួងការងារនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាពន្លឿនការទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានា ជូនកម្មករនិយោជិតដែលថៅកែរត់ចោលរោងចក្រ ឲ្យបានឆាប់រហ័ស និងច្បាស់លាស់។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ នៅក្រសួងការងារ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

ការងារនេះគឺធ្វើឡើងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្ថែមពីលើអនុសាសន៍ទាំង៨ផ្សេងទៀត ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលណោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមានករណីថៅកែរត់ចោកកម្មករ ជំហានដំបូង ក្រសួងការងារ និងផ្នែកពាក់ព័ន្ធនានា ត្រូវតែស្វែងរកថវិកាយ៉ាងណាបើកប្រាក់ឈ្នួលជូនកម្មករ-កម្មការិនី ឲ្យបានគ្រប់ៗគ្នាជាមុនសិន ចាំដោះស្រាយបញ្ហាផ្សេងៗទៀតតាមក្រោយ។

ក្រោយទទួលបានអនុសាសន៍ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលរួចហើយ រដ្ឋមន្ត្រីក្រសួងការងារ បានប្រកាសប្ដេជ្ញាចិត្តពន្លឿនការទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានា ជូនកម្មករនិយោជិតដែលថៅកែរត់ចោលរោងចក្រ ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា មានរោងចក្រ សហគ្រាសចំនួន៩ ត្រូវបានថៅកែរត់ចោល ហើយមិនបើកប្រាក់ឈ្នួលឲ្យកម្មករ។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «យោងតាមអនុសាសន៍របស់សម្ដេច ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំដោះស្រាយយ៉ាងយកចិត្តទុកដាក់ជាបន្តបន្តាប់ហើយ ជាក់ស្ដែងដូចនៅថ្ងៃនេះ ក្រុមការងារនៃក្រសួងការងារកំពុងចុះទៅតាមរោងចក្រទាំង៩ ដែលត្រូវបានថៅកែរត់ចោល និងបិទទ្វារ ដើម្បីរៀបចំផ្ទៀងផ្ទាត់ឡើងវិញប្រាក់អត្ថប្រយោជន៍នានា ដែលបងប្អូនត្រូវទទួលបាន ហើយនឹងពិនិត្យមើលលទ្ធភាពនៃការរឹបយកសម្ភារៈ ឬមួយក៏ទ្រព្យសម្បត្តិដែលថៅកែបោះបង់ចោល ហើយនៅសេសសល់ តើអាចទូទាត់សងថវិកាទៅរដ្ឋវិញយ៉ាងម៉េច»

ជាមួយគ្នានោះ លោកបានប្ដេជ្ញាដោះស្រាយការងារនេះឲ្យបានឆាប់រហ័ស ប្រាកដប្រជា ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជូនកម្មករនិយោជិត៕