(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ លើសេចក្ដីព្រាងបូកសរុបលទ្ធផលប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ប្រចាំឆ្នាំ២០១៧។
កិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពីអគ្គស្នងការរង អភិបាលរងខេត្ត-រាជធានី និងស្នងការនគរបាលរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
របាយការណ៍ដែលអានដោយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆ្នាំ២០១៧កន្លងទៅ គឺជាឆ្នាំទី០៨ នៃការអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ហើយក៏ជាឆ្នាំដែលទទួលបាននូវសមិទ្ធផល និងបទពិសោធន៍ថ្មីៗ បន្ថែមទៀត ពីកិច្ចដំណើរការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ជាពិសេសរក្សាបាននូវស្ថិរភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដែលជាកត្ដាគន្លឹះ បង្កលក្ខណៈសម្បត្តិល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពសុខសាន្ដទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្ដៅ។
របាយការណ៍ដដែលបញ្ជាក់ថា ឆ្នាំ២០១៧បានពិនិត្យឃើញថា ការចូលរួមចលនានេះមានការកើនឡើង ទាំងការរៀបចំវេទិកាសាធារណៈ ទាំងការចូលរួមទទួលយកការផ្សព្វផ្សាយអប់រំ ពិសេសតួលេខឃុំ-សង្កាត់មានសុវត្ថិភាព បានកើនពី៧០២ ឡើងដល់៧០៧ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលមានចំណាត់ថ្នាក់លេខ១ កើនពី៩១២ ដល់១១១៩ឃុំ-សង្កាត់ ស្របពេលដែលឃុំ-សង្កាត់ដែលគ្មានចំណាត់ថ្នាក់ថយចុះ ពី៣៩ឃុំ-សង្កាត់ មកនៅត្រឹម១៤ឃុំ-សង្កាត់។
លទ្ធផលទាំងនេះ គឺជាមូលហេតុមួយក្នុងមូលហេតុជាច្រើនទៀត ដែលធ្វើឲ្យបទល្មើសឧក្រិដ្ឋមានការថយចុះ ហើយក៏ជាកត្ដាយ៉ាងសំខាន់ឆ្លុះបញ្ចាំង អំពីការប្រែប្រួលរីកចម្រើនក្នុងកិច្ចការពារស្ថិរភាពសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជាទូទៅ ដែលស្ថានភាពបែបនេះ នឹងបង្កើតបាននូវបរិយាកាសល្អប្រសើរ ដល់ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាឆ្នាំ២០១៨ខាងមុខនេះ៕