Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសហគមន៍ខ្មែរ ទីក្រុងសេអ៊ូល ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា

12-03-2018 12:18

(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសហគមន៍ខ្មែរ ទីក្រុងសេអ៊ូល បានរៀបចំប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្ដិភាពដើម្បីអភិវឌ្ឍជាតិ» ដែលរៀបចំធ្វើឡើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៅទីក្រុងសេអ៊ូល នាចុងសប្តាហ៍នេះ ប្រកបដោយស្នាមញញឹម ក្ដីសង្ឃឹម សំណើចក្អាកក្អាយ ពេញសាលប្រារព្ធកម្មវិធី ដែលមានអ្នកចូលរួមចំនួន២៨០នាក់។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនានេះ រៀបចំធ្វើឡើងក្នុងគោលបំណង លើកកម្ពស់តម្លៃ នៃសិទ្ធិនារីខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ។

ក្នុងនាមក្រុមការងារស្រ្តី លោកស្រី ញឹម ដាវី បានប្ដេជ្ញាចិត្តថា នឹងបន្ដសហការ ជាមួយក្រុមការងារស្ថានទូតកម្ពុជា និងគ្រប់មជ្ឈដ្ឋាន ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដជួយដោះស្រាយ បញ្ហានានា របស់បងប្អូនស្ត្រីខ្មែរ ដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ឲ្យអស់ពីលទ្ធភាព ស្របតាមគោលនយោបាយ និងមាគ៌ាដឹកនាំដ៏វៃឆ្លាតរបស់ក្រសួងកិច្ចការនារី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែរថា នេះជាលើកទីពីរ ហើយដែលស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំពិធីអបអរសាទរ សិទ្ធនារីអន្ដរជាតិ ដែលកាលពីលើកទីមួយកន្លងទៅ គឺបានប្រារព្ធឡើង នៅទីក្រុងថេជន់ ដោយមានបងប្អូននារីចូលរួមប្រមាណ១៨០នាក់៕