(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៅក្រសួងការងារ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានអះអាងថា ជាមួយនឹងសេដ្ឋកិច្ចជាតិដែលបានបន្តកើនឡើង៧% ក្នុងមួយឆ្នាំ បានជំរុញឲ្យអត្រាមានការងារធ្វើ៩៩.៣% ក្នុងនោះបង្កើតការងារថ្មីសរុប៤.៨លាននាក់ ជាមួយប្រាក់ឈ្នួលជាមធ្យមជាង ២ពាន់លានដុល្លារ។

លោករដ្ឋមន្ត្រីបានរៀបរាប់ថា ប្រជាពលរដ្ឋដែលទទួលបានការងារថ្មី ក្នុងប្រទេសមានជាង៣.៦លាននាក់ ក្នុងនោះផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជាង១.៤លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២.៤លាននាក់។

លោកបញ្ជាក់ថា ឆ្នាំ២០១៨នេះ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីជាមួយក្រសួងការងារមានចំនួន១២,២៨៧គ្រឹះស្ថាន កើនចំនួន ១០.០២% និងមានកម្មករនិយោជិតសរុបចំនួន ១,៤៣៧,៧៩៤នាក់ កើនចំនួន ២១.១១% ធៀបនឹងឆ្នាំ២០១៦ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

លោកបន្តថា សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួន៥៦៩,៦៨៨ មានកម្មករចំនួនជាង ២.៤លាននាក់ ក្នុងនោះគិតត្រឹមខែមករា ឆ្នាំ២០១៨នេះ សហគ្រាសផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួន ២២,០៦៧ មានកម្មករនិយោជិតចំនួន ១៨៧,៩០៩នាក់ បានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ បានដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយបានរួមវិភាគទានយ៉ាងធំក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ លោកថា កម្មករនិយោជិតដែលធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១.២លាននាក់។

លើសពីនេះ រដ្ឋមន្ត្រី អ៉ិត សំហេង បានបន្ថែមទៀតថា នៅឆ្នាំ២០១៧ រោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងមានចំនួន ១,១៥៤គ្រឹះស្ថាន កើនឡើង ៤.២៥% និងមានកម្មករនិយោជិតចំនួនជាង ៧៧ម៉ឺននាក់ កើនឡើង ៤.៤២% (ស្រីជិត ៦៤ម៉ឺននាក់) ធៀបនឹងឆ្នាំ២០១៦៕