(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវនោះ ត្រូវបានមិត្តភ័ក្ររបស់លោកអះអាងថា បានរួចផុតពីសេចក្ដីស្លាប់ហើយ បន្ទាប់ពីគ្រូពេទ្យនៅប្រទេសវៀតណាម បានជួយសង្គ្រោះ ហើយអះអាងថា មិនប៉ះពាល់ក្បាលខ្លាំងខ្លានោះឡើយ។
លោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវបានក្រុមគ្រួសាររបស់លោក នៅយប់ថ្ងៃម្សិលមិញ បានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ នៅក្នុងប្រទេសវៀតណាម ដោយស្ថានភាពរបួសធ្ងន់ធ្ងរ ក្រោយរងការវាយប្រហារខ្លាំងៗពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុក្បែរមន្ទីរពេទ្យលោកសង្ឃ កាលពីរសៀលថ្ងៃម្សិលមិញ។
មិត្តភ័ក្រជិតស្និតរបស់លោកម្នាក់ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះថា «រហូតមកដល់ពេលនេះ ក្រោយពីការស្គេនរបស់គ្រូពេទ្យវៀតណាម បានបញ្ជាក់ថា របួសនេះមិនបានប៉ះពាល់ក្បាលធ្ងន់ធ្ងរនោះឡើយ គឺត្រូវមាត់ខ្លាំង និងបណ្តាលឲ្យបាក់ធ្មេញ ប៉ុន្ដែត្រូវនៅសម្រាកព្យាបាលបន្ដទៀតនៅទីនោះ»។
ជាមួយគ្នានេះ បើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញនេះ លោកបណ្ឌិត ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ។
នៅព្រឹកនេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពាក់ព័ន្ធករណីនេះ លោកបានចេញបញ្ជាឲ្យសមត្ថកិច្ច ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយប៉ងសម្លាប់ និងកម្ទេចរថយន្តជនរងគ្រោះ មកដាក់ទោសតាមច្បាប់។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។
លោកស្នងការបញ្ជាក់ថា «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ ...ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»។
លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម។
តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុដែលបើកដោយលោកបណ្ឌិត ស៊ុយ សារ៉េត បានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវ រហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុកប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយបន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿងតាមទាន់។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាលចរាចរ ក៏បានឲ្យដឹងជាជំហ៊ានដំបូងផងដែរថា លោកបណ្ឌិត ស៊ុយ សារ៉េត បានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំទួលសង្កែ តែប្រហែលលោកមិនបានឈប់ដោះស្រាយ ក៏មានកំហឹងពីអ្នករត់ម៉ូតូឌុប និងនៅក្បែរនោះ រហូតបើកម៉ូតូដេញតាម។ ទំនងលោកភ័យកាន់តែខ្លាំង ឃើញគេបើកម៉ូតូដេញតាមនោះ ក៏បន្តចេះតែបើកទៅមុខ រហូតជួបហេតុការណ៍នេះតែម្តង៕