(បន្ទាយមានជ័យ)៖ នៅថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន១ខ្នង មាន៦បន្ទប់ នៅក្នុងសាលាបឋមសិក្សាភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ តម្លៃជិត៥ម៉ឺនដុល្លារ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការព្រមទាំងមន្រ្តី ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបរួម ចំនួន១៧០៣នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ​មាន សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

ក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងលើកឡើងថា​ «ដោយសារប្រទេសជាតិ​មានសុខសន្តិភាព​ សុវត្ថិភាព ​បរិបូរណ៍ពាសពេញប្រទេស ក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រមុខដឹកនាំ​ ទើបយើងបានមកអង្គុយជុំគ្នានិយាយ ពីការអភិវឌ្ឍន៍ដើម្បីបំពេញនូវសេចក្តីត្រូវការ ដែលជាអនាគតយើង​ កូនចៅយើងគ្រប់គ្នាបាន​ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកំណែទម្រង់ ដោយបានកសាងនូវសាលារៀនដែលជាថ្នាលបណ្តុះបណ្តាល នូវធនធានមនុស្ស ​សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ កាន់តែខិតជិតផ្ទះដើម្បីសម្រួលដល់ការរៀនសូត្ររបស់កូនចៅយើង​»

ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន ក៏ថ្លែងអំណរគុណប្រកបដោយមោទនភាពចំពោះអ្នក ខេត្តបន្ទាយមានជ័យ ដែលបានរួមគ្នារក្សាបាននូវសុខសន្តិភាព​ ឯកភាពផ្ទៃក្នុងបានល្អ ដោយមិនបានទៅចូលរួមនូវចលនាខុសច្បាប់នានា ដែលនាំឲ្យខាតពេលវេលា​ បាត់បង់ផលប្រយោជន៍​ និងភាពសុខសាន្តរបស់យើងទាំងអស់គ្នា។

ជាទ្រនាប់ដៃ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានពាំនាំនូវអំណោយ​ និងថវិកាឧបត្ថម្ភ​ រួមមាន៖

ទី១៖ សាលាឃុំសំរោង៥០ម៉ឺនរៀល
ទី២៖ សាលាបឋមសិក្សាភូមិសំរោង៥០ម៉ឺនរៀល
ទី៣៖ នគរបាលស្រុក៥០ម៉ឺនរៀល
ទី៤៖ កងរាជអាវុធហត្តស្រុក៥០ម៉ឺនរៀល
ទី៥៖ ប្រជាការពារ៥០ម៉ឺនរៀល
ទី៦៖ ពេទ្យ១៨ម៉ឺនរៀល
ទី៧៖ លោកគ្រូ អ្នកគ្រូ៤០នាក់ ក្នុងម្នាក់ទទួលបាន ថវិកា២ម៉ឺនរៀល និងសារុងម្នាក់១
ទី៨៖ សិស្សានុសិស្ស៤២៥នាក់ ក្នុងម្នាក់ៗ ទទួលបានបិច១ សៀវភៅ២ក្បាល ថវិកា៥០០០រៀល
ទី៩៖ តាជី យាយជី ៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង១ ថវិកា៥០០០រៀល
ទី១០៖ ប្រជាពលរដ្ឋជាង១០០០នាក់ ទទួលបានសារុងម្នាក់១
ទី១១៖ ភូមិចំនួន១០​ ក្នុង១ភូមិ​ ថវិកា៥០ម៉ឺនរៀល៕