(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារសម្រេចបាននៅឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្ត បានលើកឡើងថា សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា គឺជាការងាររបស់យើងទាំងអស់គ្នា ដែលត្រូវតែយកចិត្ត ទុកដាក់មិនអាចមើលរំលងបាន។
លោក សុខ លូ បានបន្ថែមទៀតថា «ក្នុងនាមយើងទាំងអស់គ្នា ជាសមាជិកសមាជិការបស់គណៈកម្មាធិការ របស់កាកបាទក្រហម គឺដាច់ខាតត្រូវតែចុះដោយផ្ទាល់ ទៅដល់មូលដ្ឋាន ដែលបងប្អូនជួបទុក្ខលំបាកពិតប្រាកដ គឺមិនអាចទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះគ្មានម្ហូបអាហារ រឺរងគ្រោះផ្សេងៗ ដោយគ្មានថ្នាក់ដឹកនាំ មិនដឹង ឬមិនអើពើនោះឡើយ។ ក្នុងនោះ បើសមាជិកគណៈកម្មាការស្រុក មិនដឹងពីសុខទុក្ខរបស់ជនរងគ្រោះ គឺមានន័យថា មិនបានធ្វើការជាមួយប្រជាជនឡើយ»។
អភិបាលខេត្តកំពង់ធំ បានបន្ដទៀតថា ប្រធានអនុកម្មាការក្រុង-ស្រុកទាំងអស់ ត្រូវតែយកចិត្តទុកដាក់ចំពោះ សកម្មភាពកាកបាទក្រហម គឺជាសកម្មចំបងមួយក្នុងចំណោមសកម្មភាពស្នូលរបស់ខ្លួន ដែលត្រូវអនុវត្ត និងតាមដានជាប្រចាំ និងត្រូវយកចិត្តទុកដាក់សួរសុខទុក្ខ របស់ប្រជាពលរដ្ឋ ព្រោះនេះជាសុខទុក្ខរបស់យើងដែរ។
លោកបានសង្កត់ធ្ងន់ថា ការធ្វើរបាយការណ៍របស់សាខាកាកបាទក្រហមដាច់ខាត ត្រូវតែច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព សមស្របទៅតាមសកម្មភាព ដើម្បីបង្ហាញពីការ អនុវត្តការងារ ប្រកបដោយទំនុកចិត្តជូនសប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។
លោកស្រី ឌុក ស៊ីដា ប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ធំ បានលើកឡើងថា កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ មានសកម្មភាពស្នូលចំនួនបួននៅឆ្នាំ២០១៧ គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់នូវអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងរងគ្រោះមហន្តរាយ សរុបចំនួន៤,៦៤៨ គ្រួសារ។
លោកស្រីបន្ដថា ការងារសុខភាព និងការថែទាំ សុខភាពសហគមន៍ ដែលមានឥស្សរជនឆ្នើមថ្នាក់ជាតិ សហការណ៍ជាមួយមន្ទីរសុខាភិបាល រៀបចំទិវាពិភពលោកជំងឺអេដស៍ និងបាន ចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន៩៧នាក់ ព្រមទាំងស្រ្តីឆ្លង ទន្លេចំនួន៣៦នាក់, ការលើកកម្ពស់តម្លៃមនុស្សធម៌ បានប្រារព្ធពិធីខួបលើកទី១៥៤ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម និងការអភិវឌ្ឍន៍ស្ថាប័នផងដែរ៕