(ភ្នំពេញ)៖ ការ​យឺត​យ៉ាវ​​ ក្នុង​ការ​នាំ​យក​វត្ថុធាតុ​ដើម​​មក​ផ្គត់​ផ្គង់​​បាន​​ទាន់​ពេល​​វេលា​​​ អាច​ធ្វើ​ឲ្យ​រោងចក្រ​ឧស្សាហ-កម្ម​​​ទាំង​​​អស់​ ​រាំង​​ស្ទះ​ដំណើរ​ការ​ផលិត​កម្ម​របស់​ខ្លួន។ ​ដើម្បី​​ធានា​​​និរន្តរភាព​​នៃផលិតកម្ម​​ រោង​ចក្រ​​ស្រាបៀរ​​កម្ពុជា​ មាន​​​​មធ្យោបាយ​​​ដឹក​ជញ្ជូន​វត្ថុធាតុ​ដើម មក​​កាន់​​​រោងចក្រ​​យ៉ាង​ទៀង​ទាត់​ និង​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ ព្រម​ទាំង​មាន​កន្លែង​​បម្រុង​​វត្ថុ​ធាតុ​​ដើម​​យ៉ាង​​ល្អ​ ជាពិសេស​ស្រូវ​​​​សាលី​ ​ត្រូវ​បាន​រក្សា​ទុក​​​ក្នុង​​​​ធុង​ផ្ទុក​ស្រូវ​​សាលី​​ធំៗ​ ​​មក​​​ពី​​​សហគមន៍​​អឺរ៉ុប។ ​

តំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា បានឲ្យដឹងថា «យើង​មាន​ប្រព័ន្ធ​ធុង​ធំ​ៗ​រៀបទុក​​ដាក់​ស្រូវ​សាលី​ គឺ​ដើម្បី​​បញ្ជៀស​ពី​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ ហើយ​នឹង​ការ​ពារ​កុំ​ឲ្យ​ស្រូវ​សាលី​វា​សើម។​ ទុក​ក្នុង​ធុង​ហ្នឹង​ គឺ​ដើម្បី​ឲ្យ​សីតុណ្ហភាព​ធម្មតា​ កុំ​ឲ្យ​​ស្រូវ​ខូច​ ការ​ពារ​កម្ដៅ​ ដែល​ប៉ះពាល់​ស្រូវ​សាលី​យើង​ឆាប់​ខូច​»។ រោងចក្រ​ស្រាបៀរ​កម្ពុជា​មាន​​​ធុង​ផ្ទុក​ស្រូវ​សាលី​​ធំ​ៗ​ចំនួន​២៤​​ ហើយ​​ធុង​នីមួយ​ៗ​​អាច​​​ផ្ទុក​ស្រូវ​សាលី​​បាន​៥០០​តោន។ ធុង​ផ្ទុក​ស្រូវ​សាលី​ត្រូវ​បាន​នាំ​​មក​​ពី​សហគមន៍​​អឺរ៉ុប​ ដែល​ធន់​នឹង​អាកាស​ធាតុ​ និង​អាច​ប្រើប្រាស់​បាន​​​ច្រើន​​ទសវត្សរ៍។ ​ធុង​​ស្រូវ​សាលី​នេះ​ គឺ​នាំ​មក​ពី​ប្រទេស​អាល្លឺម៉ង​ ដំឡើង​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ Kronez ​ហើយ​បច្ចេកវិទ្យា​ គឺ​របស់​ Kronez ដែរ ហើយសម្រាប់ការ​ទុក​ដាក់​ស្រូវ​សាលី ​ក្នុង​រោង​ចក្រ​ស្រាបៀរ​​យើង​ គឺ​ទុក​ដាក់​ដូច​នៅ​ប្រទេស​អឺរ៉ុប​ដទៃ​ដែរ»

ពេល​ស្រូវ​សាលី​ត្រូវ​បាន​ដឹក​តាម​កុងទីណ័រ​​ មក​ដល់​​រោងចក្រ​​ស្រាបៀរ​​កម្ពុជា​ ស្រូវ​សាលី​ត្រូវ​បាន​បង្ហូរ​​បញ្ចូល​ក្នុង​​​អាង​ក្រោម​​ដី​​មួយ។ មាន​ប្រព័ន្ធ​បញ្ជូន​ស្រូវ​សាលី​ ចាប់​ផ្ដើម​ចេញ​ពី​កុងទីណ័រ​ ដោយ​កុង​ទីណ័រ​នីមួយ​ៗ​មាន​ចំណុះ​២៨​តោន​ ចូល​​ក្នុង​​ប្រព័ន្ធ​​ Platform សម្រាប់​លើក​ទាំង​កុង​ទីណ័រ​ ទាំង​ទូរ។​ ខុស​ពី​កន្លែង​គេ​ កន្លែង​យើង​អាច​លើក​បាន​ទាំង​រថយន្ត​ ទាំង​កុងទីណ័រ។

បន្ទាប់​ពី​ស្រូវ​​សាលី​​ ត្រូវ​បាន​​បង្ហូរ​ចូល​ក្នុង​អាង​ក្រោម​ដី​ ម៉ាស៊ីន​យោង​​នឹង​យោង​ស្រូវ​​សាលី​​ឡើង​​ទៅ​លើ​ ហើយ​ធ្វើ​ការ​​​ចែក​ចាយទៅកាន់​​​​​ធុង​ផ្ទុក​ស្រូវ​សាលី​នីមួយ​ៗ​ ក្រោម​​ការ​បញ្ជា​ពី​​​កុំព្យទ័រ​​ក្នុង​ប​ន្ទប់​បញ្ជា។ ម៉ាស៊ីន​​បញ្ជូន​ស្រូវ​សាលី​​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​​​ស្វ័យ​ប្រវត្តិ​នេះ​ ​​ជួយ​សម្រួល​ដល់​កម្លាំង​​ពលកម្ម​បាន​​យ៉ាង​ច្រើន។
ក្នុង​ការ​បញ្ជូន​ស្រូវ​សាលី​ ទៅ​កិន​​ដើម្បី​​​ផលិត​​​​ស្រាបៀរ គេ​គ្រាន់​តែ​បញ្ជា​ពី​កុំព្យូទ័រ​ ក្នុង​​បន្ទប់បញ្ជា​​ប្រព័ន្ធ​បញ្ជូន​​​ស្រូវ​សាលី​​ដ៏​ទំនើប​នេះ ​​នឹង​​បញ្ជូន​ស្រូវ​សាលី ​​​ពី​ក្នុង​ធុង​ផ្ទុក​ស្រូវ​​សាលី​​មក​កាន់​ម៉ាស៊ីន​កិន​​ ​​​​តាម​​​ចំណុះ​​​​ដែល​​​​ត្រូវ​​​ការ​៕