(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ពីអគារខុនដូមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ១១១ សង្កាត់បឹងព្រលឹង ខណ្ឌ៧មករា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទើលើម៉ូតូរ៉ឺម៉ក់កង់បីបណ្តាលឲ្យស្លាប់ភ្លាមៗ។
ពីដំបូងឡើងមានការចោទ និងជាចម្ងល់យ៉ាងខ្លាំងថា តើបុរសជនជាតិចិនរូបនេះ ធ្លាក់ពីលើអគារខុនដូមួយណា ពីព្រោះនៅក្បែរកន្លែងកើតហេតុនោះមានអគារខុនដូ២ រួមមាន៖ អគារខុនដូឈ្មោះ វី និងអគារខុនដូឈ្មោះ ភៀល ក៏ព្រោះតែតំណាងអគារខុនដូទាំង២ បានបដិសេធរៀងៗខ្លួនថា ជនរងគ្រោះមិនបានស្នាក់នៅក្នុងអគារខុដូរបស់ខ្លួនឡើយ។
យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ មន្រ្តីនគរបាលជាន់ខ្ពស់ខណ្ឌ៧មករា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនរងគ្រោះជនជាតិចិនរូបនេះ បានធ្លាក់ពីលើអគារខុនដូឈ្មោះ វ៉ី តែមិនទាន់បង្ហាញពីមូលហេតុដែលនាំឲ្យជនរងគ្រោះកើតមានហេតុការណ៍នេះឡើយ តើជនរងគ្រោះលោតសម្លាប់ខ្លួន ឬក៏ត្រូវគេចាប់ទម្លាក់នោះទេ ដោយរង់ចំាការស្រាវជ្រាវបន្តទៀត។
បើតាមសមត្ថកិច្ចដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ម្ចាស់ខុនដូទាំង២ មិនបានសហការល្អជាមួយសមត្ថកិច្ចឡើយ ទើបបណ្តាលឱ្យមានការអូសបន្លាយពេលស្រាវជ្រាវ ជាច្រើនម៉ោងបែបនេះ។
ពាក់ព័ន្ធបញ្ហានេះលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា និងលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប្រចាំខណ្ឌ៧មករា បានថ្លែងស្រដៀងគ្នាថា មកដល់ពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវនៅឡើយ ដូច្នេះពួកលោកមិនទាន់អាចបញ្ជាក់អ្វីលើសពីនេះបានឡើយ រង់ចាំលទ្ធផលនៃស្រាវជ្រាវសិន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារមាន បុរសជនជាតិចិនម្នាក់បាន ធ្លាក់ពីលើអគារ ធ្លាក់លើរ៉ឺម៉កកង់បីស្លាប់ភ្លាមៗ នៅចំណុចផ្លូវ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា៕