(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់ លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី។
បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានបន្ថែមថា ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ដ្រី ឱម យ៉ិន ទៀង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មារធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយលោក ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។
លោក ភីធ័រ ខូសហ្គ្រូវ (Peter Cosgrove) អគ្គទេសាភិបាលអូស្រ្ដាលី នឹងរៀបចំអាហារថ្ងៃត្រង់ ជូនដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់។
ថ្នាក់ដឹកនាំនឹងទទួលជួបដោយឡែកពីគ្នា ជាមួយនិស្សិតអូស្រ្តាលីដែលកំពុងសិក្សា នៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេស សមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្រ្តាលី។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រា្តលីដើម្បីពិភាក្សា ប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធានបទផ្សេងៗដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយ លោក ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្រ្តីអូស្រា្តលី អញ្ជើញចូលរួមពិសារអាហារពេលព្រឹក ការងារជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្រ្តាលី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅទស្សនាវិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្រ្តាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្រ្តាលីផងដែរ៕