(ភ្នំពេញ)៖ សេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅក្នុងជំនួបសម្ដែងការគួរសមរបស់ លោក Oh Nak-young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានសម្តែងកតញ្ញូតាចំពោះជំនួយឧបត្ថម្ភលើគ្រប់វិស័យ ដែលរដ្ឋាភិបាលកូរ៉េបានផ្តល់ជូនកម្ពុជា និងបានវាយតំលៃខ្ពស់ចំពោះការឆ្លើយតប របស់រដ្ឋាភិបាលកូរ៉េទទួលយកសំណើសម្តេចតេជោ ហ៊ុន សែន ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការស្វាគមន៍ចំពោះការវិលត្រឡប់ របស់លោកឯកអគ្គរដ្ឋទូត មកក្នុងការងារ​ការទូតជាថ្មីម្តងទៀត បន្ទាប់ពីបានចាកចេញពីកម្ពុជា កាលពី១០ឆ្នាំមុននេះ ហើយបានរំលឹកពីការជួបពិភាក្សា កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងមកនេះ រវាងលោកផ្ទាល់ ជាមួយឯកឧត្តម Yoon Soon-Gu អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក​កិច្ចការនយោបាយ របស់សាធារណរដ្ឋកូរ៉េ ដែលផ្តោតជាសំខាន់ទៅលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិ- បត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី អាស៊ាន- កូរ៉េ និងមេគង្គ-កូរ៉េ។

ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូត បានសម្តែងក្តីរីករាយដែលបានវិលត្រឡប់មកបំពេញការងារការទូត នៅកម្ពុជាជាថ្មីម្តងទៀត និងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍដ៏ល្អប្រសើរក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩៧។

បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងពីការកត់សំគាល់ ដោយក្តីរីករាយចំពោះគម្រោងទស្សនកិច្ច របស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ មកកាន់បណ្តាប្រទេសអាស៊ាន និងការត្រៀមស្វាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរទស្សនកិច្ចនេះ ដែលឯកឧត្តមវាយតំលៃថា នឹងជារបត់ប្រវត្តិសាស្រ្តថ្មីមួយ ហើយនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្រ្តី និង​ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំលើកទី៤ របស់​គណៈកម្មការចម្រុះទ្វេភាគី ក្នុងឆមាសទីពីរ ឆ្នាំ២០១៨នេះ ដើម្បីរិះរកវិធីបង្កើនបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅក្នុងគោលដៅនេះ ​ទេសរដ្ឋមន្រ្តី និង​ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ អំពីលទ្ធភាពនៃការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់​ទេសរដ្ឋមន្រ្តី ទៅកាន់សាធារណរដ្ឋកូរ៉េ ស្របពេលនឹងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការចម្រុះទ្វេភាគីនេះ។

លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាផងដែរអំពីការរៀបចំបង្កើតឲ្យមាន​គណៈកម្មាធិការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាកុងស៊ុល រវាងប្រទេសទាំងពីរ ការរៀបចំឲ្យមានការជួបសន្ទនាការទូត និងសន្តិសុខ ថ្នាក់អគ្គនាយកនៃក្រសួងការបរទេសទាំងពីរ លទ្ធភាពនៃការបង្កើនកិច្ចសហ​ប្រតិបត្តិការ ក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ និងការបង្កើនការផ្លាស់ប្តូរទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌនៃទំនាក់ទំនងអាស៊ាន- កូរ៉េ ​ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ពីជំហរគាំទ្ររបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងអាស៊ាន-កូរ៉េ ឲ្យមានការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន- កូរ៉េហើយនិងការខិតខំសម្របសម្រួល ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតលើបញ្ហានេះ។ ​ឯកអគ្គរដ្ឋទូត បានវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនង អាស៊ាន-កូរ៉។

ក្នុងក្របខណ្ឌនៃទំនាក់ទំនងមេគង្គ-កូរ៉េ ​ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការស្វាគមន៍ដោយក្តីរីករាយរបស់រដ្ឋាភិបាលកូរ៉េ ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យតម្លើងកំរិតទំនាក់ទំនងមេគង្គ-កូរ៉េ ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស​ទៅកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ និងពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការខិតខំសម្របសម្រួលដើម្បីឲ្យមានការរៀបចំកិច្ចប្រជុំកំពូលនេះ ស្របពេលជាមួយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េ។ ​ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជានឹងខិតខំសម្របសម្រួលជាមួយបណ្តាប្រទេសសមាជិកមេគង្គផ្សេងទៀត ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំកំពូលនេះ។

ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េ ​ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ក្នុងការហុចដៃទៅរកប្រទេសកូរ៉េខាងជើង និងការវិវឌ្ឍជាវិជ្ជមានក្នុងរយៈចុងក្រោយនេះ នៃទំនាក់ទំនងនិងកិច្ចសន្ទនារវាងកូរ៉េទាំងពីរ និងការលេចឡើងថ្មីៗនេះ នូ​វនិន្នាការឈានទៅរកជំនួបកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងជើង ដែលទាំងអស់នោះគឺជាជំហានវិជ្ជមានដ៏សំខាន់សម្រាប់សន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ៕