(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ តាមរយៈ Facebook របស់សម្តេចបានលើកឡើងពីការរីកចម្រើន ជឿនលឿនរបស់ប្រទេសកម្ពុជា ពិសេសការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ ដែលទាក់ទាញបានវិនិយោគិន មកវិនិយោគកើនឡើងជារៀងរាល់ឆ្នាំ។
ជាមួយនឹងប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិនិយោគទុនបរទេស យ៉ាងច្រើនបានបន្តសម្រុកចូលមកបណ្តាក់ទុន បើកអាជីវកម្មនៅកម្ពុជា ដោយគ្មានការភ័យខ្លាចអ្វីសោះឡើយ ដោយការវិនិយោគនេះ បានជំរុញឲ្យជីវភាព របស់ប្រជាពលរដ្ឋ កាន់តែធូរធាមួយកម្រិតធំ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចតេជោ យ៉ាងដូច្នេះថា «កម្ពុជាសព្វថ្ងៃ គឺកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ ដូចដែលយើងបានឃើញច្បាស់ផ្ទាល់ភ្នែក នៅទូទាំងប្រទេស។
សំណង់អគារពាណិជ្ជកម្មតូចធំ ផ្សារទំនើប និងគេហដ្ឋានទំនើបៗ ត្រូវបានសាងសង់ជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ។ សោភ័ណភាពទីក្រុង គឺកាន់តែស្រស់ស្អាតលេចធ្លោរ ដែលបានទាក់ទាញពាណិជ្ជករ និងទេសចរបរទេសរាប់លាននាក់ មកកម្ពុជាក្នុងមួយឆ្នាំៗ។ អ្នកវិនិយោគទុនបរទេស ក៏កំពុងសម្រុកចូលមកបណ្តាក់ទុន ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច នៅក្នុងប្រទេសយើង។ ជីវភាពពលរដ្ឋក៏បានធូរធារមួយកម្រិតធំ ដោយមានឱកាសពង្រីកមុខរបរ នឹងមានការងារធ្វើជាមួយប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតផង។ ទាំងអស់នេះ គឺដោយសារកម្ពុជាមានសន្តិភាព។ បើគ្មានសន្តិភាពទេ គឺគ្មាននរណាហ៊ានមកកម្ពុជា។
សូមជូនពរបងប្អូនជនរួមជាតិជួប តែសេចក្តីសុខចម្រើន និងជូនពរក្រុមហ៊ុនវិនិយោគតូចធំទាំងអស់ ទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា»។
សូមជម្រាបថា ការវិនិយោគលើវិស័យសំណង់ នៅប្រទេសកម្ពុជាឆ្នាំ២០១៧ មានចំនួនសរុប៣,០៥២ គម្រោងលើផ្ទៃក្រឡា១០,៧៤៦,២១៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ៦,៤២៨,៧៩៤,១៧៩ដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦ មានចំនួន២,៤០៥គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន១១,៤៤៤,៧៣៦ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ៥,២៤៦,១២០,៧០៤ដុល្លារ គឺមានការកើនឡើងចំនួន ២២.៣១%។ នេះបើតាមរបាយការណ៍ របស់ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់។
របាយការណ៍បន្ថែមថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៧ មានចំនួន២,២៩១គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៥,៥៦៥,១៩១ ម៉ែត្រការ៉េ មានទុនវិនិយោគ ២,២៣០,៦៥៤,៧១៩ដុល្លារ។ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ នៅរាជធានីភ្នំពេញ សរុបក្នុងឆ្នាំ២០១៧ មានចំនួន១៨៨គម្រោង (គិតចាប់ពីអនុវត្ដរហូតដល់ឆ្នាំ២០១៧ មានចំនួន៩៧៩ គម្រោង)៕