(តាកែវ)៖ ក្នុងឱកាសដឹកនាំមន្ត្រីរាជការជាស្ត្រី និងអាជ្ញាធរស្រុកព្រៃកប្បាស ជាង២០០នាក់ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា ចំពោះកិច្ចការទាំងក្នុង និងក្រៅប្រទេស ក៏មានវត្តមានរបស់ស្រ្តីជាពិសេសផងដែរ ដែលបានបំពេញកិច្ចការងារ ប្រកបដោយទំនាក់ទំនងល្អ។
ក្រោមអធិបតីលោក ពេជ សោភ័ន ទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកព្រៃកប្បាស លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស លោកស្រីអភិបាលរងស្រុកព្រៃកប្បាស និងមន្ត្រីរាជការជានារី ព្រមទាំងតំណាងយុវជន ស.ស.យ.ក ជាស្ត្រី នៃស្រុកព្រៃកប្បាស សរុប២០២នាក់។
លោកបានលើកឡើងថា «គ្រប់ស្រ្តីទាំងអស់នៅទូទាំងពិភពលោក ពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន និងឈានទៅមុខជាដរាប។ ដោយឡែកនៅកម្ពុជា ស្រ្តីក៏ពូកែដែរ ព្រោះស្រ្តីគឺជាដៃគូដ៏សំខាន់ និងមានសមត្ថភាព មានភាពអង់អាចក្លាហាន ស្រ្តីក៏អាចអនុវត្តន៍បាន និងចូលរួមបាននៅក្នុងគ្រប់ការងារទាំងអស់នៅក្នុងគ្រប់វិស័យទាំងអស់ ហើយកិច្ចការទំាងមូលនៅក្នុងប្រទេស ក៏មានវត្តមានរបស់ស្រ្តីជាពិសេសផងដែរ ក្នុងការបំពេញកិច្ចការងារ និងទំនាក់ទំនងដ៏ល្អទាំងក្នុង និងក្រៅប្រទេស»។
លោកបានបន្តថា ការប្រារព្ធពិធីនាពេលនេះ ដើម្បីពិនិត្យមើលទៅលើស្ថានភាពជីវភាព ឋានៈ តួនាទីស្រ្តីកម្ពុជា ដែលជាធនធានមនុស្សប្រកបដោយសក្តានុពលនៅក្នុងគ្រួសារ និងសង្គមលើការអប់រំគ្រប់គ្រងផ្គត់ផ្គង់ថែបំប៉នសមាជិកគ្រួសារ រួមទាំងការលើកកម្ពស់សីលធម៌សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សផងដែរ។
សូមបញ្ជាក់ថា ទិវាអន្តរជាតិនារីក្រោមប្រធានបទ «ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» លើកទី១០៧នេះ ប្រារព្ធឡើងក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌ អហិង្សា ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខមាលភាព សង្គមដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕