(ភ្នំពេញ)៖​ ស្រីស្នំ, ក្រាំងស្វាយ ជាឈ្មោះភូមិចំនួន២ ក្នុងចំណោមភូមិទាំង០៦ នៃសង្កាត់ព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដើមឡើយទឹកដីទាំងនេះធ្លាប់ជាឃុំមួយចំណុះឲ្យស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល ដោយយោងតាម ព្រះរាជក្រឹត្យលេខ នស/រកត/០៩១០/៧៦៣ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១០ ឃុំព្រែកកំពឹស ត្រូវបានកាត់ចូលជាសង្កាត់វិញ ក្រោមរដ្ឋបាលរបស់ខណ្ឌដង្កោ នៃរាជធានីភ្នំពេញ។ បន្តិចម្តងៗក្នុងភូមិទាំងនេះបានអភិវឌ្ឍន៍ខ្លួនមក ជាភូមិករអ៊ូអរ មានផ្ទះឈើថ្មតូចធំ ផ្លូវគ្រួសកៅស៊ូបេតុង បណ្តាញទឹកភ្លើង កន្លែងកំសាន្តរមណីយដ្ឋាន បុរីប្រណិត រីកដុះដាល ជាហូហែរ ក្រោមដំបូលសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

នៅព្រឹកថ្ងៃទី១១ ខែ០៣ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការចូលរួមពី ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ ព្រមទាំង ឯកឧត្តម ឧកញ៉ា ស៊ី ហូហ៊ុយ បាននាំយកសមិទ្ធិផលថ្មីមួយទៀត ប្រគល់ជូន ដល់ភូមិស្រីស្នំ និងភូមិក្រាំងស្វាយ នោះគឺផ្លូវបេតុង ប្រវែងជាង ០១គីឡូកន្លះ (១៥៨០ម៉ែត្រ) ឆ្លងកាត់ភូមិទាំង ០២ គឺភូមិស្រីស្នំប្រវែង ៨៥០ម៉ែត្រ និងភូមិក្រាំងស្វាយប្រវែង ៧៣០ម៉ែត្រ។ ផ្លូវបេតុងជាង ០១គីឡូកន្លះ ដែលបើកការដ្ឋាន ដំណើរការកសាងចាប់ពីថ្ងៃនេះតទៅ គឺធ្វើឡើងដោយដាក់ឆ្អឹងដែក ទទឹង ០៤ម៉ែត្រ ។ សមិទ្ធិផលថ្មីនេះ ពិតជាចាំបាច់បំផុត សម្រាប់បំពេញនូវតម្រូវការធ្វើដំណើររបស់ពលរដ្ឋក្នុងភូមិទាំង២ ក៏ដូចជាមហាជនទូទៅ។

ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់នោះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បាននាំយក នំបុ័ងចំនួន ៨០០ដើម ការ៉េមចំនួន ៩០០ដើម ទឹកអំពៅ និងទឹកសុទ្ធចែកជូន បងប្អូន ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សសរុបចំនួន ៥៣៨ នាក់ ដែលមកចូលរួមអបអរសាទរទទួលសមិទ្ធិផលថ្មី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា ប្រទេសជាតិមួយរីកចម្រើនទៅបាន អាស្រ័យដោយមាន សន្តិភាព និងការបង្រួបបង្រួមជាតិ ទើបមានឱកាសអភិវឌ្ឍន៍ ហើយការអភិវឌ្ឍន៍នោះទៀតសោត គឺត្រូវទាមទារពេលវេលា ទើបអាច ទៅដល់គោលដៅ ពុំមាននណាម្នាក់អាចជប់ចេញបានដូចជាទេវតាឡើយ ហើយដំណើរផ្លូវវែងឆ្ងាយ ត្រូវផ្តើមចេញពីជំហ៊ាន ទី១ទៅ ដូច្នេះសូមឲ្យបងប្អូនទាំងអស់ ចូលរួមថែរក្សាសន្តិភាព និងរួមសាមគ្គីគ្នា កសាងអភិវឌ្ឍន៍ជាតិ ឲ្យរីកចម្រើនរុងរឿង តទៅ កុំជឿលើការញុះញង់បំបែកបំបាក់ បំផ្លាញសន្តិភាពជាតិយើងដែលកំពុងមានសព្វថ្ងៃជាដាច់ខាត។

ក្រោយបញ្ចប់កម្មវិធីឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់ក្រុមការងារ យុវជន កម្លាំងអាវុធហត្ថ នគរបាល និងកម្លាំងប្រជាការពារទាំងអស់ដែល បានមកចូលរួមរៀបចំនិងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីសម្ពោធការដ្ឋាននេះ ឲ្យប្រព្រឹត្តទៅប្រកបដោយភាពរលូននិងជោគជ័យផងដែរ៕