(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ នាយគ្រប់គ្រងការផ្សាយវិទ្យុអាស៊ីសេរីជាខេមរៈភាសាជាទីរាប់អាន។ ក្នុងនាមជាអ្នកជំនាន់ក្រោយមួយរូបលើសមរភូមិស្លាបបាកា ខ្ញុំតែងបានផ្តល់នូវការគោរពចំពោះរូបលោករៀមច្បង ដែលតែងបានប្រឹងប្រែងផ្តល់នូវព័ត៌មានដ៏សម្បូរបែបសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងសង្គមកម្ពុជា។
ខ្ញុំសូមសម្តែងការគោរពផងដែរ ចំពោះរូបលោក ដែលបានផ្ទេរនូវចំណេះដឹងលើវិស័យព័ត៌មាននេះ ដល់កូនខ្មែរជាច្រើនរូបផ្សេងទៀត តាមរយៈការបើកវគ្គសិក្សាខ្លីៗនាពេលកន្លងទៅ។ នៅក្នុងវគ្គសិក្សាទាំងនោះ លោកតែងតែផ្តល់ដំបូន្មានដល់អ្នកសិក្សាឲ្យគោរព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ផ្សព្វផ្សាយតែអ្វីដែលជារឿងពិត។ ជាពិសេសត្រូវចៀសវាងឲ្យបានឆ្ងាយនូវអគតិទាំង៤ យ៉ាង៖ ឆន្ទាគតិ លម្អៀងព្រោះការស្រលាញ់, ទោសាគតិ លម្អៀងព្រោះការស្អប់, មោហាគតិ លម្អៀងព្រោះភាពល្ងង់ខ្លៅ និងភយាគតិ លម្អៀងព្រោះភាពភ័យខ្លាច។
តាមរយៈទ្រឹស្តីនៃការអប់រំក្នុងម៉ោងបង្រៀន និងតាមរយៈសកម្មភាពផ្សព្វផ្សាយព័ត៌មានជាប្រយោជន៍ដល់ប្រជាពលរដ្ឋនាពេលកន្លងទៅ ធ្វើឲ្យខ្ញុំមិនខុសពីពលរដ្ឋខ្មែរជាច្រើន បានគោរព និងផ្តល់តម្លៃខ្ពស់ចំពោះរូបលោក។ តែជាការសោកស្តាយដ៏ខ្លាំងក្លាបំផុតចំពោះការផ្សព្វផ្សាយ អំពីហេតុការណ៍ការប៉ះទង្គិចគ្នារវាងកងកម្លាំងសមត្ថកិច្ច ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ខ្ញុំបានមើលឃើញថា លោក ច័ន្ទបុត្រ កំពុងដើរចាកឆ្ងាយពីវិជ្ជាជីវៈជាអ្នកព័ត៌មាន។
មិនថាតែរូបខ្ញុំ និងប្រជាពលរដ្ឋខ្មែរទូទៅនោះឡើយ បានសម្តែងការសោកស្តាយចំពោះការកើតឡើងនូវអំពើហិង្សារវាងកងកម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។ ការមិនអាចរកបាននូវដំណោះស្រាយដោយអហិង្សាឈានដល់ការប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ចំការកៅស៊ូ វាជារឿងសោកស្តាយមួយ តែអ្វីដែលធ្វើឲ្យខ្ញុំកាត់តែសោកស្តាយខ្លាំងនោះ នៅពេលឃើញពីការផ្សព្វផ្សាយព័ត៌មានរបស់លោក ជុន ច័ន្ទបុត្រ ជាការផ្សព្វផ្សាយដោយខុសឆ្គង និងប្រាស់ចាកឆ្ងាយពីទ្រឹស្តីដែលលោកធ្លាប់បានអប់រំដល់អ្នកជំនាន់ក្រោយលើវិស័យព័ត៌មាននេះ។
ក្នុងម៉ោងបង្រៀន លោក ជុន ច័ន្ទបុត្រ តែងតែបានអប់រំការស្វះស្វែងរកប្រភពមកបញ្ជាក់នៅក្នុងហេតុការណ៍ ឬព័ត៌មានអ្វីមួយមុននឹងផ្សារគឺជារឿងសំខាន់បំផុតក្នុងនាមជាអ្នកព័ត៌មាន។ លោកបានអប់រំថា ដើម្បីឲ្យអ្នកអាន អ្នកស្តាប់មានការជឿទុកចិត្តខ្ពស់លើព័ត៌មាន គឺត្រូវរកប្រភពឲ្យបានយ៉ាងតិចបំផុតចាប់ពីពីរឡើងទៅ។
ផ្ទុយពីអ្វីដែលលោកបានទូន្មាននេះ ហេតុការណ៍ផ្ទុះហិង្សារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅឃុំ២ធ្នូនេះ វិទ្យុអាស៊ីសេរី ដែលគ្រប់គ្រងកម្មវិធីផ្សាយដោយលោក ជុន ច័ន្ទបុត្រ ផ្ទាល់ថែមទៀតនោះ បែរជាផ្សាយដោយស្រង់យកតែប្រភពពីប្រជាពលរដ្ឋ ហើយសូម្បីតែប្រភពពីអាជ្ញាធរ ដែលគេបានច្រានចោលទៅហើយនោះ ក៏លោកមិនស្រង់ដាក់នោះដែរ។
តើអ្វីទៅជាចេតនារបស់អាស៊ីសេរី ក៏ដូចជាលោក ជុន ច័ន្ទបុត្រ ក្នុងការផ្សព្វផ្សាយព័ត៌មានបំផ្លើសថា មានមនុស្សស្លាប់រហូតដល់ទៅ ៦នាក់ និងរបួសរហូតដល់ ៤០នាក់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ?
ខ្ញុំសូមរំលឹកថា បន្ទាប់ពីហេតុការណ៍នៃការប៉ះទង្គិចគ្នានោះកើតឡើងភ្លាមអង្គភាពព័ត៌មាន Fresh News បានផ្សាយភ្លាមៗ ជាពិសេសអាជ្ញាធរបានបញ្ជាក់យ៉ាងច្បាស់ថា ហេតុការណ៍នេះគ្មានអ្នកស្លាប់នោះឡើយ គឺមានតែរបួសពលរដ្ឋពីរនាក់ និងសមត្ថកិច្ច៧នាក់ប៉ុណ្ណោះ។
បើទោះបីមានការបញ្ជាក់យ៉ាងនេះក្តី បែរជាវិទ្យុអាស៊ីសេរី ដែលថ្ងៃនោះលោក ជុន ច័ន្ទបុត្រ ជាអ្នកគ្រប់គ្រងការផ្សាយផ្ទាល់នោះ ដកស្រង់តែសម្តីប្រជាពលរដ្ឋដែលអះអាងថា មានអ្នកស្លាប់ ៦នាក់ និងរបួស៤០នាក់ ដោយមិនព្រមយកប្រភពពីអាជ្ញាធរមកបញ្ជាក់នោះឡើយ។ តាមរយៈបានបង្ហាញជាក់ច្បាស់ណាស់ លោក ជុន ច័ន្ទបុត្រ មានចេតនាផ្សាយតែសម្តីរបស់ប្រជាពលរដ្ឋ ដោយមិនដាក់ប្រភពរបស់អាជ្ញាធរ។
រហូតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ មានរយៈពេល៤ថ្ងៃទៅហើយ បន្ទាប់ពីកើតហេតុ ហើយភស្តុតាងជាច្រើនបានបង្ហាញយ៉ាងជាក់ច្បាស់ផងដែរ តែគេនៅតែមិនទាន់ឃើញវិទ្យុអាស៊ីសេរីផ្សាយកែតម្រូវនូវកំហុសឆ្គងដែលខ្លួនបានផ្សាយនោះឡើយ ផ្ទុយទៅវិញនៅតែ បន្តផ្សាយដោយព្យាយាមទាញរកអំនះអំណាងនានាមកគាំទ្រលើការផ្សាយខុសរបស់ខ្លួនថែមទៀត។
លោក ជុន ច័ន្ទបុត្រ ជាទីរាប់អាន ខ្ញុំសូមបញ្ជាក់លោកថា នៅក្រោយពេលកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ខ្ញុំបានធ្វើដំណើរចុះទៅដល់កន្លែងកើតហេតុ ដោយបានជួបទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចផងដែរ តាមរយៈការសាកសួររបស់ខ្ញុំទាំងសម្ងាត់ និងបើកចំហរ គឺយើងបានរកឃើញយ៉ាងច្បាស់ថា ហេតុការណ៍ប៉ះទង្គិចគ្នានេះ គ្មានប្រជាពលរដ្ឋស្លាប់នោះឡើយ គឺមានតែអ្នករងរបួសតែប៉ុណ្ណោះ។ អ្នករងរបួសទាំងពីរនាក់នោះ ទី១៖ ឈ្មោះ ថុក វន្នី អាយុ ៣១ឆ្នាំ ភេទប្រុស រងរបួសដោយគ្រាប់កាំភ្លើងត្រង់ភ្លៅ រស់នៅចំណុច អូរ១៣ ភូមិជ្រោះជ្រៅពោធិ៍សាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និងទី២. ឈ្មោះ ឃាន ណារុំ អាយុ ៤២ឆ្នាំ ភេទស្រីរងរបួសចំគូថ ដោយសារអុកគូដជុងនឹងឈើ រស់នៅចំណុចអូរ១៣ ភូមិជ្រោះជ្រៅពោធិ៍សាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ដោយឡែកសមត្ថកិច្ចវិញ ក៏មានរងរបួសដែរ គឺរងរបួសតិចតួចតែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ជូនលោក ជុន ច័ន្ទបុត្រ ថា ការស្រឡាញ់ និងស្មោះត្រង់ក្នុងវិជ្ជាជីវៈជាអ្នកព័ត៌មាននេះ បើទោះបីខ្ញុំមិនមហិមាដូចលោក តែខ្ញុំក៏មិនដល់ថ្នាក់ក្បត់នូវការពិតឃើញមនុស្សស្លាប់ ហើយមកនិយាយថា មិនមានអ្នកស្លាប់នោះឡើយ។
ត្រង់ចំណុចខ្ញុំចង់ទាញចំណាប់អារម្មណ៍របស់លោកថា ជីវិតរបស់មនុស្សមានតម្លៃខ្លាំងណាស់មិនអាចប្រមាថបាននោះឡើយ ហើយអង្គភាពព័ត៌មាន Fresh News មិនសុខចិត្តឡើយបើមានមនុស្សស្លាប់ក្រោមគ្រាប់កាំភ្លើងហើយ បែរជាធ្វើដូចជាមនុស្សពិការ ឬគរថ្លង់បំភ្លៃថា មិនឃើញវិញនោះ។
ដូច្នេះខ្ញុំសូមអះអាងជូនលោកថា ហេតុការណ៍ផ្ទុះហិង្សារវាងសមត្ថកិច្ច ជាមួយប្រជាពលរដ្ឋគ្មានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់នោះឡើយ។ លោក ជុន ច័ន្ទបុត្រ ខ្ញុំសង្ឃឹមថា តាមរយៈលិខិតចំហរនេះ លោកនឹងអាចមានទំនុកចិត្ត ហើយលោកនឹងធ្វើការបំភ្លឺចំពោះការផ្សាយរបស់លោកនាពេលកន្លងទៅ។
ខ្ញុំជ្រាបច្បាស់ពីអារម្មណ៍របស់លោក ក្នុងនាមជាអ្នកព័ត៌មានការផ្សាយព័ត៌មានខុស ប្រៀបដូចជាការសម្លាប់មនុស្សខុសអ៊ីចឹងដែរ វិប្បដិសារីនៅអន្ទងជាប់តាមវិញ្ញាណជានិច្ច។ នរណាក៏ខ្លាចដែរចំពោះការសាងកំហុស តែទោះបីជាយ៉ាងខ្ញុំនៅតែលើកទឹកចិត្តដល់រូបលោកធ្វើការផ្សាយបំភ្លឺលើការផ្សាយរបស់ខ្លួននាពេលកន្លងទៅនេះ។
ប្រសិនបើលោកមិនផ្សាយបំភ្លឺលើករណីនេះទេ គឺលោកកំពុងដើរកាន់តែឆ្ងាយពីវិជ្ជាជីវៈ ដែលលោកតែងតែបានអប់រំគេឲ្យប្រកាន់ខ្ជាប់នោះ ហើយនឹងធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃ កាន់តែទាបចំពោះស្ថាប័នវិទ្យុអាស៊ីសេរី ដែលមិនព្រមទទួលស្គាល់នូវកំហុសក្នុងការផ្សាយរបស់ខ្លួន។
សូមលោក ជុន ច័ន្ទបុត្រ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ អ្នកកាសែតដែលបានចុះដល់កន្លែងកើតហេតុ៕