(ភ្នំពេញ)៖ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងថ្មីៗ និងប្លែកលើសពីសប្ដាហ៍មុនៗ អង្គភាពព័ត៌មាន Fresh News បានខិតខំស្វះស្វែងរកនូវគតិបណ្ឌិតមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយ ជូនមិត្តអ្នកអានបានទស្សនា និងស្វែងយល់តាមគំនិតរៀងៗខ្លួន ដូច្នេះហើយទើបនៅសប្ដាហ៍ថ្មីនេះបានរំលេចនូវគតិបណ្ឌិតអ្នកប្រាជ្ញខ្មែរដ៏ល្បីល្បាញមួយរូប នារជ្ជកាលហ្លួងព្រះស៊ីសុវត្ថិ (១៨៤០-១៩២៧) មកបង្ហាញមិត្តអ្នកអានជាទីអំណាន។
ក្រៅពីគតិបណ្ឌិតរបស់អ្នកប្រាជ្ញខ្មែរ គតិបណ្ឌិត និងទស្សនរបស់អ្នកប្រាជ្ញជុំវិញពិភពលោកផងនោះ គតិបណ្ឌិតរបស់អ្នកប្រាជ្ញចិនតាំងពីមុនគ្រិស្តសករាជ និងក្នុងសម័យសង្គ្រាមសាមកុក ក៏ត្រូវបានរំលេចជាមួយគ្នាផងដែរ ក្នុងនោះរួមមាន៖
១៖ «ចិត្តល្អក្រខ្លួន» និង «ចិត្តល្អក្រមិនយូរ»។ សុភាសិតបុរាណខ្មែរ ដែលបានដាស់តឿនដល់បុគ្គលគ្រប់រូបជារឿយៗ តាមរយៈបណ្ដាំក្រមង៉ុយ របស់ព្រះភិរម្យភាសាអ៊ូ ហៅតាង៉ុយ ឈ្មោះដើម អ៊ុក អ៊ូ (១៨៦៥-១៩៣៦) អ្នកប្រាជ្ញខ្មែរក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ នៃសម័យឧដុង្គ។
២៖ «សុខចិត្តធ្វើរឿងអស្ចារ្យហើយបរាជ័យ ប្រសើរជាងមិនធ្វើអ្វីសោះតែចង់ជោគជ័យ»។ លោក រ៉ូបឺត ស្ដាលឺរ (១៩២៦-២០១៥) អ្នកនិពន្ធជនជាតិអាមេរិក។
៣៖ «ប្រសិនបើយើងធ្វើរឿងគ្រប់យ៉ាងដែលយើងអាចធ្វើបាន នោះលទ្ធផលនឹងបង្ហាញគួរឲ្យភ្ញាក់ផ្អើលអំពីខ្លួនយើង»។ លោក ថូម៉ាស អ៊ីឌីសាន់ (១៨៤៧-១៩៣១) តក្កវិទូ និងជាអ្នកជំនាញជនជាតិអាមេរិក។
៤៖ «ខ្ញុំសុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោកទេ»។ ស្ដេចត្រាញ់ លាវ ប៉ី ក្នុងសម័យសង្គ្រាមសាមកុក នៃប្រទេសចិន (ចាប់ពីឆ្នាំ១៨៩ នៃ គ.ស រហូតដល់ជាង១០០ឆ្នាំក្រោយ)។
៥៖ «កុំខ្លាចរអាចំពោះគំនិតចម្លែក ពីព្រោះរាល់គំនិតទាំងឡាយបច្ចុប្បន្ន ក៏ធ្លាប់ជាគំនិតចម្លែកពីមុនដែរ។ លោក បឺត្រេន រូសែល (១៨៧២-១៩៧០) ទស្សនវិទូអង់គ្លេស។
៦៖ «ភាពជោគជ័យ មិនចាំបាច់ទាល់តែមានតំណែងខ្ពស់មួយ ដែលបុគ្គលសម្រេចបានក្នុងជីវិតរបស់ខ្លួននោះទេ ប៉ុន្តែត្រឹមតែការជំនះឧបសគ្គរាប់ភ្លេច ក៏វាជាជោគជ័យដែរ»។ លោក ឆាលស៍ លីនបឺហ្គ (១៩០២-១៩៧៤) សកម្មជនកងអាកាស និងជាតក្កវិទូអាមេរិក។
៧៖ «ឱកាសទាំងឡាយកើតមានជាហូរហែចំពោះបុគ្គលដែលស្វែងរកវា»។ ទស្សនវិទូ និងជាសង្គ្រាមវិទូដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្របុរាណចិន ស៊ុន អ៊ូ (៥៤៤-៤៩៦ មុន គ.ស)។
៨៖ «ទឹកថ្លាពេករមែងគ្មានត្រី មនុស្សតឹងរឹងពេករមែងគ្មានបរិវារ» ជាសុភាសិតចិន។
៩៖ «គ្មានទេទីបញ្ចប់នៃភាពជោគជ័យ ហើយក៏គ្មានដែរចុងក្រោយនៃភាពបរាជ័យ»។ លោក រ៉ូបឺត ស្កាលឺរ (១៩២៦-២០១៥) អ្នកនិពន្ធជនជាតិអាមេរិក។
១០៖ «បើចង់ធ្វើកិច្ចការធំ ត្រូវទ្រាំនូវអ្វីដែលគេមិនអាចទ្រាំបាន»។ ស្តេចត្រាញ់ ឆាវឆាវ នៃសម័យសង្គ្រាមសាមកុក ក្នុងប្រវត្តិសាស្ត្របុរាណចិន៕