Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអ្នកជំនាញចំណាយពេលជាង៥ឆ្នាំ ជួសជុលបានចម្លាក់នាគជាង២០ និងចម្លាក់តោជាង១០ នៅប្រាសាទបាយ័ន

11-03-2018 17:22

(សៀមរាប)៖ នៅតែ២ឆ្នាំទៀតប៉ុណ្ណោះ ចម្លាក់បង្កាន់ដៃនាគ និងចម្លាក់តោដែលរងហានិភ័យជាច្រើននៅជុំវិញប្រាសាទបាយ័ន នឹងត្រូវជួសជុលរួចរាល់។ ក្រុមជួសជុលដែលផ្តោតសំខាន់ទៅលើតែចម្លាក់ទាំងនេះ គឺក្រុមគាំទ្រគម្រោងសម្រាប់កិច្ចការអភិរក្សអង្គរ និងអភិវឌ្ឍន៍សហគមន៍របស់ជប៉ុន ហៅកាត់ថា JST (Joint Support Team for Angkor Preservation and Community Development) ដែលជាផ្នែកមួយនៃស្ថាប័ន JASA (Japan-APSARA for Safe Guarding Angkor)។

អ្នកជំនាញបុរាណវិទ្យា និងជាប្រធានគ្រប់គ្រងការដ្ឋាននេះ គឺលោក នៅ សុភក្តិ។ លោកបានរៀបរាប់ថា គម្រោង JST បានដំណើរជួសជុលជាពិសេសទៅលើតែចម្លាក់បង្កាន់ដៃនាគ និងចម្លាក់តោ នៅប្រាសាទបាយ័ន ដោយបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១២មក។ មកទល់នឹងពេលនេះ គម្រោងជួសជុលសម្រេចបានចម្លាក់តោបានចំនួន ១១ និងបង្កាន់ដៃនាគចំនួន ២៨។

តាមផែនការ គម្រោងនេះអាចនឹងបញ្ចប់នៅរយៈពេល២ឆ្នាំខាងមុខ ពោលនៅឆ្នាំ២០២០។ នេះជាគម្រោងដែលធ្វើឡើងក្រោមជំនួយឧបត្ថម្ភថវិកា ពីអង្គការសហព័ន្ធជាតិនៃសមាគម យូណេស្កូ ជប៉ុន និងជំនួយបច្ចេកទេសពីស្ថាប័ន JASA និងអាជ្ញាធរជាតិអប្សរា។

ពាក់ព័ន្ធនឹងការជួសជុលនេះដែរ លោក សុភក្តិ បានពន្យល់ថា ក្រុមការងាររបស់លោកមិនជួសជុលគ្រប់ចម្លាក់នាគ និងតោនៅបាយ័នទាំងអស់នោះទេ គឺសម្រេចជួសជុលតែចម្លាក់ណាដែលក្រុមអ្នកជំនាញពិនិត្យឃើញថា បានធ្លាក់ដល់ដី កប់ក្នុងដី ឬមានហានិភ័យខ្លាំង ដែលអាចរបេះធ្លាក់ ឬរលំនៅពេលខាងមុខ។

ម្យ៉ាងទៀត ក្រុមការងារក៏ជួសជុលកម្រាលទ្រចម្លាក់ដែលស្រុត ដើម្បីឲ្យមានលំនឹងឡើងវិញផងដែរ និងមួយផ្នែកទៀត គឺពិនិត្យទៅលើចម្លាក់ណាដែលធ្លាប់បានទទួលការជួសជុលក្នុងសម័យបារាំង ដើម្បីដោះដែកទាម ឬដែកស្នូលដែលច្រេះពុកផុយ ហើយជួសជុលឡើងវិញ។

ចំពោះគោលការណ៍នៃការជួសជុល គឺគោរពទៅតាមគោលការរួមនៃការថែរក្សា នូវអត្តសញ្ញាណដើមនៃចម្លាក់បុរាណ ពោលគឺប្រើប្រាស់ថ្មចាស់ដែលមានស្រាប់ដើម្បីជួសជុល លើកលែងតែករណីចាំបាច់ខ្លាំងទើបមានការបន្ថែមថ្មថ្មីខ្លះ ដើម្បីឲ្យចម្លាក់មានលំនឹងជាដើម៕