(ពោធិ៍សាត់)៖ ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវគ្រួសក្រហម និងស្ពាន នៅភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រទេសជាតិ មានសន្តិភាព និងមានការអភិវឌ្ឍន៍ ហើយការរស់នៅក៏មានភាពសុខស្រួល តើបងប្អូនចង់បានអ្វីទៀត? ។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវគ្រួសក្រហម និងស្ពាន ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សែម សុវណ្ណី អនុប្រធានទី២ អាជ្ញាធរកម្ពុជា គ្រប់គ្រង សកម្មភាពកំចាត់មីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជាផងដែរ។
រដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងថា ផ្លូវ ស្ពាន លូ ដែលធ្វើពិធីបើកការដ្ឋានថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមពីលើសមិទ្ធិផលចាស់ ដែលសម្ដេចផ្ដល់ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចជាសាលារៀនរាប់រយខ្នង ទំនប់ដំណាក់អំពិល ទំនប់ចារឹក ផ្សារពោធិ៍សាត់ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់៤កន្លែង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៊ុន រ៉ានី ហ៊ុន សែន និងផ្លូវកៅស៊ូ ជាច្រើនខ្សែទៀត។
លោករដ្ឋមន្ដ្រី បន្ដទៀតថា ពេលនេះយើងចាក់គ្រួសក្រហមសិន នៅពេលដែលស្រុកទេសនៅតែរក្សាបានសន្តិភាពដដែល យើងនឹងក្រាលកៅស៊ូតែម្ដង។ លោកបានធ្វើការប្រៀប ធៀបថា ដោយសារតែយើងផ្លាស់ប្ដូរមេដឹកនាំ ទើបធ្វើឲ្យប្រទេសយើង ក្រឡាប់ចក្រកន្លងមកជាបន្តបន្ទាប់។ សម្ដេចតាកាន់អំណាចកំពុងតែ មានការអភិវឌ្ឍន៍រីកចម្រើន បានតែ១៧ឆ្នាំ ស្រាប់តែ លន់ ណុល មកធ្វើរដ្ឋប្រហារទម្លាក់ចេញ។
លោកថា លន់ ណុល កាន់អំណាចបាន០៥ឆ្នាំប៉ុណ្ណោះ ក៏ត្រូវ ប៉ុល ពត មកជំនួសម្ដង ដោយសារតែសេពគប់មិត្តខុស ធ្វើឲ្យប្រទេសលិចលង់។ ចំណែក ប៉ុល ពត កាន់អំណាចក្នុង រយៈពេល០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ បានធ្វើឲ្យប្រទេសជាតិ រលាយសាបសូន្យ គ្មានសល់អ្វីទាំងអស់ ហើយប្រជាជនត្រូវពួកវាធ្វើបាប និងកាប់សម្លាប់យ៉ាងសាហាវព្រៃបំផុត។
រដ្ឋមន្ត្រីក្រសួងរ៉ែ រូបនេះ បញ្ជាក់ទៀតថា «លុះមកដល់ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ទើបគណបក្សប្រជាជនកម្ពុជាផ្ដួលរំលំបាន ហើយបានដឹកនាំរហូតមកដល់ពេលនេះ មានរយៈពេលជិត ៤០ឆ្នាំហើយ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះបើប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ ហើយបងប្អូនរស់នៅដោយសុខស្រួលហើយ តើបងប្អូនចង់បាន អ្វីទៀត?» ។ លោកក៏សូមឲ្យកងវិស្វកម្មស្ថាបនាផ្លូវ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធានាទាំងគុណភាព និងសោភ័ណភាព។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង បានជម្រាបជូនថា ការបើកការដ្ឋានថ្ងៃនេះ រួមមាន ផ្លូវគ្រួសក្រហមមួយខ្សែប្រវែង៧៥០០ម, ស្ពានបេតុង០២កន្លែង, សំណង់លូប្រអប់០២កន្លែង និងលូមូល០៥កន្លែង តភ្ជាប់គ្នារវាងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅឃុំអន្លង់វិល ឃុំកញ្ជរ ស្រុកកណ្ដៀង។
លោក ឆាយ គឹមម៉ុងថា ពីមុនផ្លូវនេះ ជាផ្លូវលំតូចចង្អៀតពិបាកធ្វើដំណើរខ្លាំងណាស់ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ដល់ឆ្នាំ១៩៨៦ ប្រជាជនក្នុងភូមិ បានប្រមូលកម្លាំងជុសជុលឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរ។
លោកបន្ដថា នៅឆ្នាំ១៩៩៤ ផ្លូវនេះបានជុសជុល ដោយអង្គការស្បៀងអាហារពិភពលោក ដោយប្រើប្រាស់ស្បៀងពលកម្ម ហើយក្រោយមកនៅឆ្នាំ២០០៦ ក្រុមប្រឹក្សាសង្កាត់បន្ទាយដី បានប្រើប្រាស់ មូលនិធិសង្កាត់ ធ្វើការជុសជុលឡើងវិញម្ដងទៀត ប៉ុន្តែមកដល់ពេលនេះ បានខូចទ្រុឌទ្រោមអស់ ទើបពេលនេះសម្ដេចតេជោ ហ៊ុន សែន បានប្រគល់ឲ្យកងវិស្វកម្ម ស្ថាបនាជាថ្មីតែម្ដង។
លោកឧត្តមសេនីយ៍ឯក បោង ប៊ុន្នី មេបញ្ជាការកងវិស្វកម្មស្ថាបនាផ្លូវ បានលើកឡើងថា ដោយឃើញប្រជាពលរដ្ឋមានការលំបាក ក្នុងការដឹកកសិផលទៅកាន់ទីផ្សារ និងសិស្សលំបាក ធ្វើដំណើរទៅរៀនផងនោះ លោក សែម សុវណ្ណី ដែលមានស្រុកកំណើតនៅទីនេះស្រាប់ បានលើកគម្រោងស្នើសុំ ទៅរាជរដ្ឋាភិបាលដើម្បីស្ថាបនាផ្លូវនេះឡើង។
លោកឧត្តមសេនីយ៍ឯក បោង ប៊ុន្នី សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងអមសងខាងផ្លូវ មេត្តាយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បីឲ្យការស្ថាបនាផ្លូវ ដំណើរការទៅដោយរលូន។
ក្នុងឱកាសនោះ លោក ស៊ុយ សែម និងលោកស្រី បានជូនសារុងម្នាក់មួយ និងថវិកា១ម៉ឺនរៀល ដល់ប្រជាពលរដ្ឋចូលរួមចំនួន៨០០នាក់ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងបានឧបត្ថម្ភថវិកា២លាន ១សែនរៀល សម្រាប់ចាក់ដីបំពេញទីធ្លាអនុវិទ្យាល័យពោធិ៍សុវណ្ណរង្សី និង៤លានរៀលទៀត សម្រាប់ធ្វើលូមួយកន្លែងនៅភូមិទូលចារ។
ចំណែកលោក សែម សុវណ្ណី បានផ្ដល់ដី២០០ឡាន ធ្វើផ្លូវប្រវែង៣៥០ម៉ែត្រ ក្នុងភូមិវត្តពោធិ៍, ផ្ដល់អិដ្ឋការ៉ូ៧០កេស និងម៉ាស៊ីនថតចំលងមួយគ្រឿង ដល់សង្កាត់បន្ទាយដី និងផ្ដល់ម៉ាស៊ីនកុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនថតចំលងមួយគ្រឿង សម្រាប់ប្រើប្រាស់ក្នុងប៉ុស្តិ៍រដ្ឋបាលស្វាយលួង៕