(រតនគិរី)៖ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះទង្វើក្បត់ជាតិ និងក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ដែលបានព្រមព្រៀងកាត់ដីចំនួន៤ខេត្តឲ្យទៅមេដឹកនាំជនជាតិភាគតិចវៀតណាម។ ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើរបស់ទណ្ឌិតសម រង្ស៊ីនេះ។
ការប្រកាសរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើឡើងក្នុងពិធីបំពាក់មេដាយការពារជាតិ និងសំណេះសំណេះរវាងនាយឧត្តមសេនីយ៍ គន់ គីម និងអតីតយុទ្ធជននៅក្នុងខេត្តរតនគិរីប្រមាណ ៤៩៩នាក់ នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨នេះ។
ទាំងនាយឧត្តមសេនីយ៍ គន់ គីម និងអតីតយុទ្ធជនបានថ្លែងថា ទឹកដី និងជាតិកម្ពុជា ដែលកំពុងរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនាពេលបច្ចុប្បន្ន គឺត្រូវបានអតីតយុទ្ធជនយកសាច់ស្រស់ ឈាមស្រស់ទៅប្តូរយកមកដូច្នេះនឹងមិនអនុញ្ញាតឲ្យក្រុមជនក្បត់ជាតិក្នុងយុគសម័យថ្មីយកទៅធ្វើអ្វីបានតាមចិត្តនោះឡើយ។
នាយឧត្តមសេនីយ៍ គន់ គីម និងបងប្អូនអតីតយុទ្ធជនបានលើកឡើងយ៉ាងដូច្នេះ «បងប្អូនយើងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី អ្នកនយោបាយបញ្ច្រាស់ទិស ដែលបានចុះហត្ថលេខាកាត់ដី៤ខេត្ត (ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី ក្រចេះ ) ឲ្យចលនាជនជាតិដើមភាគតិចវៀតណាម ម៉ុងតាញ៉ា បើខ្លួនបានឈ្នះឆ្នោតកាន់រដ្ឋាភិបាល ដែលនេះគឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនយ៉ាងជាក់ស្តែងមិនអាចប្រកែកបាន ដែលពួកយើងខ្ញុំមិនអាចនៅស្ងៀមបានឡើយ សូមឲ្យសមត្ថកិច្ចជំនាញ ចាត់វិធានការផ្លូវច្បាប់អោយបានម៉ឺងម៉ាត់បំផុត»។
លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានធ្វើកិច្ចព្រមព្រៀងបែងចែកទឹកដីចំនួន៤ខេត្តទៅលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar (ដេកា) រឺម៉ុងតាញ៉ា (វៀតណាមសេរី) នៅពេលដែលរូបលោកឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងដែលកំពុងធ្វើឲ្យមហាជនខ្មែរថ្កោលយ៉ាងខ្លាំងក្លាចំពោះទណ្ឌិត សម រង្ស៊ី ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» ទម្លាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ ក្នុងវីដេអូនៃជំនួបធ្វើកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឲ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព៕